ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ក្រុងប៉េកាំង រិះគន់ ដំណើរទស្សនកិច្ច របស់សមាជិកសភា ទៅកាន់កោះតៃវ៉ាន់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ប្រទេសចិន នៅថ្ងៃសុក្រទី៨ ខែតុលានេះបានរិះគន់ ទៅលើដំណើរទស្សនកិច្ច របស់សមាជិកព្រឹទ្ធសភា បារាំងមួយ ក្រុមទៅកាន់កោះតៃវ៉ាន់ ដោយចោទថា គណៈប្រតិភូបានធ្វើឱ្យខូច ទំនាក់ទំនង រវាងទីក្រុងប៉ារីស និងក្រុងប៉េកាំង ។

គណៈប្រតិភូ ដែលដឹកនាំដោយអតីត រដ្ឋមន្រ្តីការពារជាតិ បារាំង លោក Alain Richard បានទៅដល់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រង ដោយខ្លួនកាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃ បើទោះបីជា មានការព្រមាន ពីប្រទេសចិនក៏ដោយ ។

លោក Richard បានហៅកោះតៃវ៉ាន់ថា ជា “ប្រទេសមួយ” ក្នុងពេលថ្លែងសុន្ទរកថាមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតី Tsai Ing-wen ក្នុងសកម្មភាពមួយ ដែលធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង ។

ប្រទេសចិន ទាមទារកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងការរំលោភបំពាន លើការប្រើប្រាស់ឈ្មោះ តៃវ៉ាន់ ជាផ្លូវការឬការយោងណាមួយ ថាជាប្រទេសមួយ ។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះបានឲ្យដឹងថា លោក Richard បានធ្វើអត្ថាធិប្បាយរបស់គាត់ “ដោយគិតតែពីផលប្រយោជន៍ ផ្ទាល់ខ្លួន ដើម្បីបំផ្លាញទំនាក់ទំនង រវាងចិន និងបារាំង” ។

លោក Zhao បានថ្លែងថា ការប្រើប្រាស់ពាក្យ “ប្រទេស” របស់លោក Richard បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការអនុវត្តអន្តរជាតិ ហើយលោកបានជំរុញឱ្យប្រទេសបារាំង “គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top