កាប៊ុល៖ សាក្សីម្នាក់បានប្រាប់សារព័ត៌មាន Sputnik ថា ការផ្ទុះមួយបាន វាយប្រហារវិហារអ៊ីស្លាម Shia នៅខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ហើយយោងតាមទីភ្នាក់ងារព័ត៌មាន Aamaj បានឲ្យដឹងថា មនុស្សប្រហែល ១០០ នាក់បានស្លាប់នៅក្នុងការផ្ទុះនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺការវាយប្រហារបានកើតឡើង នៅម៉ោងប្រហែល ១៣ និង ៣០ នាទីម៉ោងក្នុងស្រុក មនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នា សម្រាប់ការអធិស្ឋានថ្ងៃសុក្រ ។ យោងតាមទិន្នន័យបឋម គឺអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រឿងផ្ទុះមួយ នៅខាងក្នុងអគារសាសនា។

អ្នកឆ្លើយឆ្លងព័ត៌មាន ជាន់ខ្ពស់អន្តរជាតិអ៊ីរ៉ង់ Tajuden Soroush បានលើកឡើងថា មនុស្សជាង ១០០ នាក់បានស្លាប់និងជាង ២០០ នាក់ទៀតរងរបួស។
សូមជម្រាបថា នៅមុននេះការផ្ទុះមួយ បានកើតឡើងនៅជិតវិហារអ៊ីស្លាម Eid Gah ក្នុងទីក្រុងកាប៊ុល។ មនុស្ស ១២ នាក់បានស្លាប់នៅក្នុងការផ្ទុះនេះ ខណៈ ៣២ នាក់ទៀតរងរបួស។ មនុស្សបីនាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារនេះ ៕
ប្រែសម្រួលៈ ណៃ តុលា









