ភ្នំពេញ ៖ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានឲ្យដឹងថា ចិននឹងបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យ រហូតដល់កម្ពុជា យកឈ្នះលើជំងឺកូវីដ-១៩ ទាំងស្រុង។
នាឱកាសជួបពិភាក្សាការងារជាមួយ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក Wang Yang បានគូសបញ្ជាក់ថា ចិននឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ដូចជា ៖ ការថែរក្សាឯករាជ្យភាព, អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជានៅលើឆាកអន្តរជាតិ។
លោក បានថ្លែងថា «ចិនបន្តពង្រឹងកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យដល់ ប្រទេសកម្ពុជា រហូតដល់កម្ពុជាយកឈ្នះលើការ រាតត្បាតជំងឺកូវីដ-១៩ ទាំងស្រុង»។
លោក បានបញ្ជាក់ទៀតថា ចិនពុះពារឧបសគ្គនៃវិបតិ្តកូវីដ-១៩ ពង្រឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពន្លឿនកិច្ចសហប្រតិបតិ្តការគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ (BRI) គម្រោងផ្លូវលឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះថ្មី ការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងការនាំចូលកសិផលស្វាយ និងចេករបស់កម្ពុជា និងកសិផលរបស់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសចិន ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ចពីវិបតិ្តកូវីដ-១៩។
ជាការឆ្លើយតប សម្តេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនចិន ដែលបានធ្វើជា «ខ្នងបង្អែក» ដ៏រឹងមាំបំផុត និងជួយសម្រួលដល់កាលៈទេសៈលំបាករបស់កម្ពុជាទាន់ពេលវេលា ដោយបានផ្ដល់ជំនួយប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
សម្ដេច បានបន្ថែមថា ជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ សម្ដេច ថា ប្រជាជនកម្ពុជា បានចាត់ទុកថា ការចាក់វ៉ាក់សាំង ជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមិនគិតថ្លៃ គឺជាមរតកថ្មីមួយទៀតក្នុងចំណោមមរតកជាច្រើនដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា នាំមកជូនជាតិ និងប្រជាជនកម្ពុជា។
សម្ដេច បានអះអាងថា «យើងខ្ញុំសូមចាត់ទុកមរតកជាប្រវត្ថិសាស្រ្តថ្មីនេះ ជាមរតកនៃចំណងមិត្តភាពដែកថែបរវាងប្រជាជន និងប្រទេសទាំងពីរ ផងដែរ»៕