សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ថា លោក Sebastian Pinera ប្រធានាធិបតីឈីលី កាលពីថ្ងៃអង្គារថា បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន នៅខេត្ត Biobio, Arauco, Malleco and Cautin និង Cautin ចំពេលមានការកើនឡើង នៃអំពើហិង្សា នៅក្នុងជម្លោះ ដែលពាក់ព័ន្ធនឹងជន Mapuche ជាតិដើម ។
ប្រធានាធិបតីបានថ្លឺងពីវិមាន រដ្ឋាភិបាល នៅទីក្រុងសាន់ទីយ៉ាហ្គោថា “ស្ថានការណ៍ ធ្ងន់ធ្ងរទាមទារ ឱ្យរដ្ឋប្រើប្រាស់មធ្យោបាយ ស្ថាប័ន និងយន្តការ រដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីការពារប្រជាជន ការពារសណ្តាប់ធ្នាប់ សាធារណៈ និងនីតិរដ្ឋ និងធានានូវសិទ្ធិដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ” ។
ស្ថានភាពគ្រាអាសន្ន នឹងមានរយៈពេល១៥ថ្ងៃ ហើយអាចត្រូវបានពន្យារពេល១៥ថ្ងៃទៀត ស្របតាមរដ្ឋធម្មនុញ្ញឈីលី ។
ជម្លោះដែលអូសបន្លាយ អស់រយៈពេលជាច្រើន ទសវត្សមកហើយរវាងសហគមន៍ ជនជាតិដើមភាគតិច Mapuche ដែលទាមទារដីដូនតារបស់ពួកគេ និងក្រុមហ៊ុន កសិកម្ម ឬ ព្រៃឈើ ដែលមានកម្មសិទ្ធិដីធ្លី បាននាំឱ្យមានការផ្ទុះអំពើហិង្សា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសមាជិក សហគមន៍ ប៉ូលិស និងកសិករជាច្រើននាក់ ត្រូវបានសម្លាប់ ។
ក្រុម Mapuche កំពុងទាមទារឱ្យមានការស្ដារឡើងវិញ នូវដីដូនតារបស់ពួកគេនៅក្នុងតំបន់ Biobio និង Arauco នៅភាគខាងត្បូង ប្រទេសឈីលី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា