ព័ត៌មានអន្តរជាតិ

ការហ្វឹកហាត់ របស់លោកស្រី វ៉ាង យ៉ាភីង៖ ឱ្យតែអវកាសយានិកប្រុស អាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ

នៅវេលាម៉ោង ០និង២៣នាទី ថ្ងៃទី១៦ ខេតុលា តាមម៉ោងក្រុងប៉េកាំង យានអវកាសដឹកមនុស្ស Shenzhou-13 ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ហើយបានតភ្ជាប់ជាមួយ ស្ថានីយអវកាសចិនដោយរលូន។ ក្នុងបេសកកម្មហោះហើរលើកនេះ អវកាសយានិកចំនួន ៣ រូបនឹងធ្វើការក្នុងស្ថានីយអវកាសកន្លះឆ្នាំ។

លោកស្រីវ៉ាងយ៉ាភីងគឺជា អវកាសយានិកស្រីមួយរូប។ គាត់ត្រូវអ្នកផងស្គាល់ថាជា”អ្នកគ្រូអវកាស”។ ដោយសារបេសកម្ម ហោះហើរលើកនេះ លោកស្រីនឹងសម្រេចភារកិច្ច “ដំបូងបង្អស់” ជាច្រើន ដូចជាអវកាសយានិកស្រី ដែលចូលនៅស្ថានីយអវកាសដំបូង បង្អស់របស់ចិន អវកាសយានិកស្រីដែលប្រចាំការ នៅស្ថានីយអវកាសយូរបំផុតរបស់ចិន ហើយប្រហែលជានឹងក្លាយជា អវកាសយានិកស្រីដែលចេញពី បន្ទប់អវកាសដំបូងគេ របស់ចិនទៀតផង។

“ឱ្យតែអវកាស នាយកប្រុសអាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ” បើធៀបនឹងអវកាសយានិកប្រុស អវកាសយានិកស្រីមាន កម្លាំងទន់ខ្សោយជាង នេះគឺជាការពិត ដូច្នេះក្នុងពេលហ្វឹកហាត់ពេលធម្មតា លោកស្រីបានសំណូមពរ ចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹង។

ក្នុងការហ្វឹកហាត់កម្លាំង អំណត់ក្នុងម៉ាស៊ីន centrifuge ដែលបង្វិលដោយល្បឿនលឿន លោកស្រីត្រូវរងសម្ពាតពី ការបង្កើនល្បឿនទំនាញ ៨G នាំឱ្យពិបាកដកដង្ហើម ។

ក្នុងការហ្វឹកហាត់ពីការជួយសង្គ្រោះ មិនថាព្រៃឈើដែលមាន សត្វព្រៃជាច្រើន ឬសមុទ្រខ្សាច់ដែលមាន ព្យុះខ្សាច់ហុយពេញមេឃ ឬសមុទ្រដែលមានរលកធំ លោកស្រីសុទ្ធតែប្រឈមមុខយ៉ាងនឹង ធឹងចំពោះការសាកល្បង នៃបរិស្ថានដ៏អាក្រក់។

ក្នុងការហ្វឹកហាត់ពង្រឹងកម្លាំងកាយ ពេលចូលរួមការប្រឡង រត់ប្រណាំងចម្ងាយ ៣០០ ម៉ែត្រ លោកស្រីបានរត់លឿនជាង ស្តង់ដារពិន្ទុពេញ ៣ នាទី។
ក្នុងការហ្វឹកហាត់បរិក្ខារកាយសម្បទា រាល់លើកលោកស្រីបន្ថែម ពេលវេលាហ្វឹកហាត់មួយម៉ោង នាំឱ្យឈឺចុកដើមដៃនៅថ្ងៃបន្ទាប់ ស្ទើរតែលើកមិនរួច។

ក្នុងការហ្វឹកហាត់ក្រោមទឹក អំពីធ្វើសកម្មភាពបន្ទាប់ពី ចេញពីបន្ទប់យានអវកាស លោកស្រី វ៉ាង យ៉ាភីង ស្លៀកពាក់ឈុតមុជទឹក រួចមុជចូលក្នុងជម្រៅទឹក ១០ ម៉ែត្រ ពុះពារ កម្លាំងសម្ពាធគ្រប់យ៉ាង អស់រយៈពេល ៥-៦ ម៉ោង។ អវកាសយានិកប្រុស ស្ថិតក្នុងទឹកយូរប៉ុនណា លោកស្រីក៏បានយូរប៉ុណ្ណឹងដែរ។ លោកស្រីនិយាយថា ពេលហាត់រួចរាល់ម្តងៗ ទទួលបានការរីកចម្រើនខាងបច្ចេកទេស ហើយក៏ខិតមួយជំហាន ទៅជិតនឹងសុបិនដែរ។

“ខ្ញុំមិនដែលគិតពីការបោះបង់ទេ” ឆ្នាំ២០០៣ លោកយ៉ាងលីវ៉ី អវកាសយានិកចិន បានជិះយានអវកាស Shenzhou-5 ចូលលំហអវកាស សម្រេចបានក្តីសុបិនឡើងលើ អវកាសរបស់ជនជាតិចិន ញ៉ាំងឱ្យពិភពលោកកាត់សម្គាល់ ប្រទេសចិនទាំងមូលអបអរជាមួយគ្នា។ ពេលនោះ លោកស្រី វ៉ាង យ៉ាភីង បានបំផុសគំនិតមួយ៖ ឥឡូវ ចិនមានអវកាសយានិកប្រុសទីមួយហើយ កាលណាមានអវកាសយានិកស្រី? បើមានលទ្ធភាព ខ្ញុំនឹងធ្វើជាអ្នកដែល ទៅកាន់លំហអវកាស។

ក្រោយពីចូលបម្រើការងារ ជាអវកាសយានិក ទើបលោកស្រីឃើញថា ជីវិតអវកាសយានិក ត្រូវប្រឈមមុខនឹងការហ្វឹកហាត់ ដ៏សោះកក្រោះ និងពិបាករយៈពេលយូរ និងបញ្ហាប្រឈមមុខដ៏តឹងរ៉ឹង ម្តងហើយម្តងទៀត។

លោកស្រី វ៉ាង យ៉ាភីង មិនដែលគិតពីការបោះបង់ទេ នៅលើផ្លូវស្វែងរកសុបិន ចូលទៅលំហអវកាស លោកស្រីបានប្រកួតប្រជែង ជាមួយខ្លួនឯង និងយកឈ្នះលើខ្លួនឯង។

ឧទាហរណ៍ដូចជាពេល នៅលំហអវកាស ត្រូវការបូមឈាម។ កាលពីមុន លោកស្រីមិនហ៊ានទាល់តែសោះ ហើយគ្រាន់តែយកឆៃថាវមកហាត់។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ពេលក្រុមអវកាសយានិក ធ្វើការហាត់បូមឈាម គាត់បានសាកល្បងមុនគេយ៉ាងក្លាហាន ហើយសម្រេចការបូមឈាម យ៉ាងល្អនិងរហ័ស។ គាត់ថា ក្រោយពីក្លាយជាអវកាសយានិក ខ្ញុំឃើញថាខ្លួនខ្ញុំបានធ្វើរឿងជាច្រើន ដែលពីមុនមិនអាចធ្វើ ធ្វើឱ្យខ្ញុំមានអារម្មណ៍ ទទួលបានសមិទ្ធផល ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។

ការហ្វឹកហាត់ខាងកម្លាំងអំណត់ មុនដំបូងជាវិញ្ញាសាពិបាកមួយ សម្រាប់លោកស្រីវ៉ាងយ៉ាភីង គាត់ទទួលបានពិន្ទុតែកម្រិតទីពីរ។ ការហ្វឹកហាត់នេះត្រូវការកម្លាំង សាច់ដុំពោះនិងខ្នងខ្លាំង ឯគាត់មានរាងស្គម ខ្វះសាច់ដុំ ហេតុនេះហើយគាត់បាន ហ្វឹកហាត់បន្ថែមជារៀងរាល់ថ្ងៃ ដើម្បីបង្កើនមុខងារនៃ សរសៃឈាមបេះដូង និងកម្លាំងសាច់ដុំ។

ផ្ទាំងពាណិជ្ជកម្ម

ដល់ដំណាច់ឆ្នាំ ២០១១ ក្នុងការប្រឡងលើកនេះ លោកស្រី វ៉ាង យ៉ាភីង ទទួលបាន ពិន្ទុកម្រិតទីមួយ។ ក្នុងលំហអវកាស ពេលស្លៀកពាក់ឯកសណ្ឋាន សម្រាប់ចេញក្រៅបន្ទប់យានអវកាស អវកាសយានិកត្រូវ ពឹងលើអវយវៈខាងលើ ហេតុនេះ និយាយចំពោះអវកាសយានិកស្រី ដែលមានលទ្ធភាពត្រូវអនុវត្តភារកិច្ច នៅក្រៅបន្ទប់យានអវកាស តើត្រូវធ្វើយ៉ាងណាដើម្បី បង្កើនកម្លាំងអវយវៈខាងលើ?

វិធីសាស្ត្រតែមួយគត់ គឺខិតខំហាត់! លោកគូហ្ស៊ីមីង គ្រូបង្វឹកកាយសម្បទារបស់លោកស្រី វ៉ាង យ៉ាភីង បានប្រាប់ថា រាល់លើក គាត់សុទ្ធតែនឹងហាត់កម្លាំងដៃជាពិសេស ហាត់ក្តាប់បាល់ដែក Push up លើកដុំដែក។ ពេលហាត់កាយសម្បទា គាត់តែងតែចេញពីបន្ទប់ ហ្វឹកហាត់យឺតជាងគេ។

ការខិតខំប្រឹងប្រែងតែងបានផល ទីបំផុត លោកស្រីវ៉ាងយ៉ាភីងហាត់បានសាច់ដុំដៃ។ មានមួយលើក ក្រោយពីហ្វឹកហាត់រួច គាត់ទៅចាប់សរសៃ ជាងម៉ាស្សាបានក្រើនរំលឹកគាត់ថា មានដំណឹងមិនល្អមួយ ដើមដៃរបស់អ្នកធំមាំជាងមុន! ប៉ុន្តែ លោកស្រីវ៉ាងយ៉ាភីង មានប្រតិកម្មខុសពីនារីធម្មតា គាត់និយាយទាំងក្តីសប្បាយរីករាយថា ល្អណាស់! វាបង្ហាញថាខ្ញុំហាត់បានផល កម្លាំងសាច់ដុំបានកើនឡើង។

និយាយចំពោះលោកស្រី វ៉ាង យ៉ាភីង អវកាសយានិកមិនត្រឹមតែ ជាអាជីពមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការងារមួយ ដែលគាត់ស្រឡាញ់ចូលចិត្ត។ ក្តីស្រឡាញ់ចំពោះការងារ បានផ្តល់នូវកម្លាំងចលករ ឥតឈប់ឈរដល់គាត់ ដើម្បីទ្រទ្រង់គាត់ឈានទៅមុខ។

“ឈ្មោះជាអ្នកគ្រូអវកាស ធ្វើឱ្យខ្ញុំមានមោទនភាព” នៅវេលាម៉ោង ១០ និង០៤ នាទីថ្ងៃទី ២០ ខែតុលាឆ្នាំ ២០១៣ នៅលើយានអវកាស Tiangong-1ដែលឃ្លាតពីភពផែនដីជាង ៣០០ គីឡូម៉ែត្រ លោកស្រី វ៉ាង យ៉ាភីង ក្នុងសណ្ឋានការងារពណ៌ខៀវ បានបើកថ្នាក់បង្រៀនក្នុងទីអវកាស ដល់គ្រូបង្រៀន និងសិស្សានុសិស្សចំនួនជាង ៦០ លាននាក់នៃសាលាវិទ្យាល័យចំនួនជាង ៨០០០ ពាន់ទូទាំងប្រទេសចិន។ លោកស្រីបានរួមសហការ ជាមួយលោកនៀហៃសឹង និងលោកចាងសៀវក្វាង ប្រើពេល ៤០ នាទី ដើម្បីបង្ហាញការពិសោធន៍ លើរូបវិទ្យាមូលដ្ឋានចំនួន៥ រួមមានការធ្វើតេស្តវាស់ទម្ងន់ជាដើម ថែមទាំងបានផ្លាស់ប្តូរ មតិយោបល់ជាមួយគ្រូបង្រៀន និងសិស្សានុសិស្សតាម ប្រព័ន្ធវីដេអូទៀតផង។

ថ្នាក់បង្រៀនក្នុងលំហអវកាស ដ៏ទាក់ទាញលើកនេះ បានបំផុសអោយក្មេងៗ រាប់ម៉ឺននាក់ចូលចិត្តវិទ្យាសាស្ត្រ។ បន្ទាប់ពីនោះ លោកស្រីវ៉ាងយ៉ាភីងបានទទួល សំបុត្រពីសិស្សជាច្រើន គាត់ក៏បានទៅសាលារៀន មួយចំនួនដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយសិស្សផងដែរ។ ការប្រាថ្នាចំពោះលំហអវកាស និងការចង់ចេះចង់ដឹងខាងការរុករក វិទ្យាសាស្ត្ររបស់និស្សានុសិស្ស បានកើនឡើងយ៉ាងខ្លាំង។

នៅមានក្មេងៗជាច្រើន ដែលកាលនោះពុំទាន់ចាប់កំណើត ពេលប្រទះឃើញវីដេអូឃ្លីប បង្រៀនរបស់លោកស្រី វ៉ាង យ៉ាភីង ក៏នាំគ្នាសួរគាត់ថា ពេលណានឹងបង្រៀន ក្នុងលំហអវកាសទៀត។ នេះក៏បានលើកទឹកចិត្តលោកស្រី ឱ្យចង់ទៅទីអវកាសម្តងទៀត ដើម្បីនាំក្មេងៗទៅមើលពីអ្វីប្លែកនិងថ្មី។

“កូនស្រីឱ្យខ្ញុំទៅទីអវកាស បេះផ្កាយជាច្រើនឱ្យគាត់” អ្វីដែលខុសគ្នានឹងការ អនុវត្តបេសកកម្មកាលពី ៨ ឆ្នាំមុន លើកនេះទៅបំពេញ ការងារក្នុងទីអវកាស លោកស្រីវ៉ាងយ៉ាភីងមានកង្វល់ ធំបំផុតមួយនៅក្នុងចិត្ត របស់លោកស្រី គឺកូនស្រីដែលមានអាយុ ៥ ឆ្នាំកន្លះ។
ក្នុងវ័យដែលកូនពឹងលើម្តាយបំផុត លោកស្រី វ៉ាង យ៉ាភីង ត្រូវបែកជាមួយកូនស្រី រយៈពេលកន្លះឆ្នាំ លោកស្រីពិតជាមិនដាច់ចិត្តទេ។ គាត់តែងតែគិតថា តើនឹងមានអ្វីកើតឡើង នៅកន្លះឆ្នាំក្រោយ? តើទំនាក់ទំនងរវាងកូនស្រី និងគាត់នឹងមានអ្វីប្លែកទេ?

ពេលធម្មតា លោកស្រីវ៉ាងយ៉ាភីងនៅជាមួយ ក្រុមគ្រួសារតិចតួចណាស់ ជាពិសេសពីរឆ្នាំចុងក្រោយនេះ ដោយសារត្រូវបានជ្រើសរើស ជាអវកាសយានិកបម្រុងសម្រាប់ ចេញបំពេញបេសកកម្ម ហើយជំងឺកូវីដ ១៩ ចេះតែផ្ទុះរលកថ្មី លោកស្រីនៅដាច់ដោយឡែកពីគេ ហេតុនេះតែងតែមិនអាចទៅផ្ទះវិញ កូនស្រីយំយ៉ាងខ្លាំងដោយសារ នឹកម្តាយក៏គ្រាន់តែអាចមើលតាមរបង។

ទោះបីជាយ៉ាងនេះក៏ដោយ កូនស្រីតូចនេះមានមោទនភាព ចំពោះការងាររបស់ម្តាយ។ មានមួយលើក ក្រោយពីត្រលប់មកពី សាលាមត្តេយ្យវិញ គាត់បាននិយាយជាមួយម្តាយថា ម៉ាក់គឺជាអវកាសយានិកមួយរូប ប៉ុន្តែខ្ញុំដឹងថា ម៉ាក់ក៏ជាគ្រូបង្រៀនមួយរូបទៀត គឺជាគ្រូបង្រៀនអំពីអវកាស។ កូនស្រីគាត់ក៏មានចំណូលចិត្ត យ៉ាងខ្លាំងចំពោះលំហអវកាសដ៏ធំធេង ហើយជារឿយៗតែងតែ សូមអោយម្តាយប្រាប់ពីរឿងអវកាស។

តើកន្លះយូរប៉ុនណា កូនស្រីតូចមិនដឹងទេ។ ដើម្បីរក្សាការទាក់ទងគ្នារយៈពេលកន្លះឆ្នាំ លោកស្រីវ៉ាងយ៉ាភីងនិងកូនស្រី បានដាក់ភារកិច្ចឱ្យគ្នាទៅវិញទៅមក មើលថាតើអ្នកណាធ្វើបានល្អ។ លោកស្រីឱ្យកូនស្រីមើលថែខ្លួនឯង និងយាយតាឱ្យបានល្អ ហើយខិតខំរៀនសូត្រ។ កូនស្រីវិញសុំឱ្យលោកស្រីបេះផ្កាយ ជាច្រើនពីទីអវកាសដើម្បីយក ទៅជូនឱ្យមិត្តរួមថ្នាក់របស់គាត់ ៕

To Top