ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជុំវិញស្ថានភពនយោបាយ របស់អាហ្វហ្គានីស្ថាន 

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានប្រកាសនៅថ្ងៃចន្ទទី ១៨ ខែតុលានេះថា អ៊ីរ៉ង់ នឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយនៅថ្ងៃទី២៧ ខែតុលា អំពីស្ថានភាពនយោបាយរបស់ប្រទេសអាហ្វហ្គានីស្ថាន ។

លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយលោកថា “នៅថ្ងៃពុធសប្តាហ៍ក្រោយ នៅទីក្រុងតេហរ៉ង់យើងនឹងប្រមូលរដ្ឋមន្ត្រីការបរទេសនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាន” ។

របៀបវារៈនៃកិច្ចប្រជុំមួយថ្ងៃនឹងផ្តោតលើរបៀបដែលរដ្ឋជិតខាងអាចរួមចំណែកក្នុងការបង្កើតរដ្ឋាភិបាលបញ្ចូលគ្នានៅអាហ្វហ្គានីស្ថាន ដោយមានការចូលរួមពីក្រុមជនជាតិទាំងអស់ ក៏ដូចជាអនាគតនៃសន្តិភាព និងសន្តិសុខនៅអាហ្វហ្គានីស្ថាន ។

អ្នកនាំពាក្យអ៊ីរ៉ង់ក៏បានលើកឡើងផងដែរថា អ៊ីរ៉ង់ នឹងចូលរួមក្នុងកិច្ចប្រជុំក្រុងម៉ូស្គូដែល នឹងមកដល់ស្តីអំពីអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នានៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងកម្លាំងNATO ចេញពីប្រទេស និងការគ្រប់គ្រងដោយក្រុមតាលីបង់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top