ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងធ្វើទស្សនកិច្ច អារ៉ាប៊ីសាអូឌីត និងកាតា

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអង់គ្លេស លោកស្រី Liz Truss តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា នៅក្នុងសប្ដាហ៍នេះ ព្យាយាមធ្វើកិច្ចព្រមព្រៀង ជំនួញបន្ថែម ជាមួយបណ្ដាប្រទេស នៅតំបន់ឈូងសមុទ្រ និងធ្វើឲ្យចំណងការទូតកាន់តែ មានភាពស៊ីជម្រៅឡើង។

ការិយាល័យកិច្ចការបរទេស បាននិយាយប្រាប់ថា លោកស្រី Liz Truss ដែលជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម របស់ប្រទេសអង់គ្លេស នឹងជួបគ្នាជាមួយសមភាគី អារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Faisal bin Farhan និងព្រះអង្គម្ចាស់កាតា Tamim bin Hamad al-Thani ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ។

លោកស្រីរដ្ឋមន្ត្រីការបរទេស អង់គ្លេសរូបនេះ បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំចង់បានចំណងមិត្តភាពជំនួញ និងវិនិយោគកាន់តែជិតស្និទ្ធឡើង ជាមួយតំបន់ឈូងសមុទ្រ ហើយដើម្បីឲ្យយើងសហការគ្នាយ៉ាងជិតស្និទ្ធ ឡើងលើបញ្ហានានា ដូចជាការចេញរំលែកការសម្ងាត់គ្នា ការអភិវឌ្ឍ សនិ្តសុខនិងការពារជាតិ”។

គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រទេសអង់គ្លេស បានធ្វើការបោះជំហានដំបូង ឆ្ពោះទៅរកការចាប់ផ្តើមកិច្ចចរចាជំនួញ ជាមួយក្រុមប្រឹក្សា សហប្រតិបត្តិការតំបន់ឈូងសមុទ្រ ដែលរួមមានទាំងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតាផង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×