ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញយន្តហោះ ចម្បាំង២គ្រឿង ហោះអមឃ្លាំមើលយន្តហោះ​ ទម្លាក់គ្រាប់ យុទ្ធសាស្ត្រអាមេរិក នៅពីលើសមុទ្រខ្លៅ

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីបានចេញយន្តហោះចម្បាំង Sukhoi Su-30 ពីរគ្រឿង យ៉ាងប្រញាប់ប្រញាល់ ដើម្បីហោះ អមឃ្លាំមើលយន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្រអាមេរិក B-1B ពីរគ្រឿង នៅពីលើសមុទ្រខ្មៅ។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះសម័យសង្គ្រាមត្រជាក់មានល្បឿនលឿនជាងសម្លេងរបស់អាមេរិកនេះ ដើមឡើយគឺត្រូវបានរចនាបំពាក់គ្រាប់បែកនុយក្លេអ៊ែនិងមីស៊ីល ប៉ុន្តែបច្ចុប្បន្ននេះ បំពាក់ដោយអាវុធធម្មតាប៉ុណ្ណោះ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយយ៉ាងដូច្នេះថា “បុគ្គលិកយន្តហោះចម្បាំងរុស្ស៊ី បានកំណត់អត្តសញ្ញាណគោលដៅលើអាកាសនោះ ថាជាយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រលឿនជាងសម្លេង B-1B របស់ទ័ពជើងអាកាសអាមេរិក ដែលហោះអមដោយយន្តហោះដឹកប្រេង KC-135 ពីរគ្រឿង ហើយបានបើកយន្តហោះអមយន្តហោះអាមេរិកទាំងនោះ នៅពីលើដែនទឹកសមុទ្រខ្មៅ”។


ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយបន្ថែមទៀតយ៉ាងដូច្នេះថា “ក្រោយយន្តហោះចម្បាំងបរទេស ហោះបែរទិសដៅចេញពីព្រំដែនរដ្ឋរបស់រុស្ស៊ី យន្តហោះចម្បាំងរុស្ស៊ី បានវិលត្រឡប់មកមូលដ្ឋានទ័ពអាកាសវិញដោយសុវត្ថិភាព”៕


ប្រែសម្រួល៖ប៉ាង កុង

To Top