វ៉ាស៊ីនតោន ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានឲ្យដឹងថា ពួកគេប្រហែល ជាមិនអាចកំណត់ អត្តសញ្ញាណប្រភពដើមនៃកូវីដ-១៩ បាននោះទេ ប៉ុន្តែពួកគេបានសន្និដ្ឋានថា វាមិនត្រូវបានបង្កើតឡើង ជាអាវុធជីវសាស្ត្រនោះទេ ។
នៅក្នុងការវាយតម្លៃថ្មី នៃកន្លែងដែលមេរោគ បានចាប់ផ្តើម ការិយាល័យនាយកស៊ើបការណ៍ជាតិ អាមេរិក ហៅកាត់ថា (ODNI) បានឲ្យដឹងថា ការឆ្លងពីសត្វទៅមនុស្ស និងការលេចធ្លាយមន្ទីរ ពិសោធន៍ទាំង២ គឺជាសម្មតិកម្មដែលអាចជឿជាក់ បានសម្រាប់របៀប ដែលវារីករាលដាល ។
ប៉ុន្តែមិនមានព័ត៌មាន គ្រប់គ្រាន់ដើម្បីឈានដល់ការសន្និដ្ឋាន ច្បាស់លាស់នោះទេ។
ប្រទេសចិន បានរិះគន់ទៅលើ របាយការណ៍នេះ ។
ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយ នៅក្នុងរបាយការណ៍ មិនចាត់ថ្នាក់ ដែលជាការធ្វើបច្ចុប្បន្នភាព នៃការត្រួតពិនិត្យរយៈពេល៩០ថ្ងៃ ដែលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានចេញផ្សាយ កាលពីខែសីហា ។
ការិយាល័យខាង លើបានឲ្យដឹងថា សហគមន៍ស៊ើបការណ៍សម្ងាត់នៅតែបែង ចែកលើប្រភពដើមដែលទំនងបំផុត នៃមេរោគ ។ ភ្នាក់ងារចំនួន៤ ដែលត្រូវបានវាយតម្លៃដោយ “ទំនុកចិត្តទាប” វាមានប្រភពមកពីសត្វដែលមានមេរោគ ឬមេរោគដែលពាក់ព័ន្ធ ។
ប៉ុន្តែទីភ្នាក់ងារមួយបាននិយាយថា វាមាន “ទំនុកចិត្តកម្រិតមធ្យម” ថាការឆ្លងដំបូង របស់មនុស្សទំនងជាជាលទ្ធផល នៃឧបទ្ទវហេតុមន្ទីរពិសោធន៍ ដែលប្រហែលជា ពាក់ព័ន្ធនឹងការពិសោធន៍ ឬការគ្រប់គ្រងសត្វ ដោយវិទ្យាស្ថានវ៉ូហាន នៃមេរោគវិទ្យា។
របាយការណ៍ក៏បានឲ្យដឹងផងដែរថា មន្ត្រីចិន មិនបានដឹងពីអត្ថិភាព នៃមេរោគនេះ មុនពេលការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ នៅទីក្រុង Wuhan នៅចុងឆ្នាំ២១៩នោះទេ។ ប៉ុន្តែរបាយការណ៍បានដាក់ថា ប្រទេសចិន កំពុងបន្តរារាំងការ ស៊ើបអង្កេតជាសកល និងដើម្បីទប់ទល់នឹងការ ចែករំលែកព័ត៌មាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា