ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចេញមុខថ្កោលទោសការ ប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញកាតថ្កោលទោសការប៉ុនប៉ងធ្វើឃាត នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើងថា “ឧប្បត្តិហេតុបែបនេះ គឺស្របតាមផលប្រយោជន៍របស់អ្នក ដែលបានរំលោភលើស្ថិរភាព សន្តិសុខ ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ីរ៉ាក់ ហើយបានព្យាយាមសម្រេចបាននូវគោលដៅក្នុងតំបន់ដ៏អាក្រក់របស់ពួកគេ” នេះបើយោងតាមគេហទំព័ររបស់ក្រសួង។

នៅក្នុងនោះដែរលោក Khatibzadeh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ង់ បានបន្តគាំទ្រស្ថិរភាព សន្តិសុខ និងសន្តិភាពនៅក្នុងប្រទេសអ៊ីរ៉ាក់។

លោកបានសម្តែងក្តីសង្ឃឹមថា ប្រជាជនអ៊ីរ៉ាក់ រដ្ឋាភិបាល និងចរន្តនយោបាយរបស់ប្រទេសនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រទេសអ៊ីរ៉ាក់តាមរយៈការរួបរួម។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក al-Kadhimi មិនមានរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាត ដែលធ្វើឡើងដោយយន្តហោះដ្រូនសំដៅលើលំនៅដ្ឋានផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យនោះទេ៕ដោយ ឈូក បូរ៉ា

To Top