ព័ត៌មានអន្តរជាតិ

ប្រជាជន ២៣លាននាក់ នៅអាហ្វហ្គានីស្ថាន កំពុងឆ្ពោះទៅរកភាពអត់ឃ្លាន, ៦ខែទៀត នឹងទៅជាមហន្តរាយ

បរទេស៖ នេះគឺជាប្រទេសមួយ ដែលចាប់ផ្តើមមានអារម្មណ៍ ភ័យខ្លាចយ៉ាងខ្លាំង នៃភាពអត់ឃ្លាន។ អាកាសធាតុកំពុង ប្រែពីភាពកក់ក្តៅ នៅដើមរដូវស្លឹកឈើជ្រុះ ទៅជាត្រជាក់ខ្លាំង។ តំបន់ជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងរាយការណ៍ពីគ្រោះរាំងស្ងួត ដែលបន្ថែមអារម្មណ៍ នៃមហន្តរាយដែលកំពុងកើនឡើង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅ Maidan Wardak ចម្ងាយ 50 ម៉ាយភាគខាងលិចទីក្រុងកាប៊ុល ហ្វូងមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាដោយសង្ឃឹមថា នឹងទទួលបានម្សៅពីកន្លែងចែកចាយផ្លូវការ។ ម្សៅនេះត្រូវបានផ្តល់ដោយកម្មវិធីអាហារពិភពលោក (WFP)។

ទាហានតាលីបង់ បានបញ្ជាឱ្យហ្វូងមនុស្សឱ្យស្ងាត់ ប៉ុន្តែអ្នកដែលត្រូវបានគេប្រាប់ថា ពួកគេមិនមានសិទ្ធិទទួលបានការប្រគល់នោះបានខឹងសម្បា និងភ័យខ្លាច។

បុរសចំណាស់ម្នាក់បាននិយាយថា «រដូវរងាជិតមកដល់ហើយ។ ខ្ញុំមិនដឹងថាខ្ញុំនឹងឆ្លងកាត់វាដោយរបៀបណាទេ បើខ្ញុំមិនអាចធ្វើនំប៉័ងបាន»។

WFP ត្រូវប្រឈមនឹងការបង្កើនការផ្គត់ផ្គង់របស់ខ្លួនដល់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយប្រជាជនជាង ២២ លាននាក់។ ប្រសិនបើអាកាសធាតុអាក្រក់ដូចអ្នកជំនាញកំពុងព្យាករណ៍ក្នុងរដូវរងានេះ ការរំពឹងទុកគឺថាចំនួនដ៏ច្រើននឹងត្រូវបានគំរាមកំហែងដោយភាពអត់ឃ្លានធ្ងន់ធ្ងរ និងគ្រោះទុរ្ភិក្សរីករាលដាល។

ប្រធានប្រតិបត្តិ WFP បាននិយាយថា «ប្រជាជន ៩៥ប្រាំភាគរយ មិនមានអាហារគ្រប់គ្រាន់នោះទេ ហើយឥឡូវនេះយើងឃើញថា មនុស្ស២៣លាននាក់ កំពុងឆ្ពោះទៅរកភាពអត់ឃ្លាន។ ៦ខែទៀត នឹងទៅជាមហន្តរាយ។ វានឹងក្លាយជានរកនៅលើផែនដី»៕

ប្រែសម្រួលៈ ណៃតុលា

To Top