បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ ក្នុងបទសម្ភាសន៍មួយ នៅថ្ងៃអាទិត្យថា លោកបានច្រាលចោល សំណើក្រសួងការពារជាតិមួយ ដែលសុំប្រារព្ធធ្វើសមយុទ្ធយោធា នៅសមុទ្រខ្មៅ ដើម្បីជាការឆ្លើយតប ចំពោះសកម្មភាពណាតូ ព្រោះតែលោកមិនចង់បង្កើនកម្តៅ នៃភាពតានតឹងនៅក្នុងតំបន់។
ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការតវ៉ាត្អូញត្អែ អំពីអ្វីដែលខ្លួនហៅថា ជាការបង្កើនដ៏គ្រោះថ្នាក់ ក្នុងសកម្មភាពយោធាធ្វើឡើង ដោយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នៅក្នុងតំបន់សមុទ្រខ្មៅ ដោយលោកខាងលិច ធ្វើការបង្កើនសកម្មភាព យន្តហោះចារកកម្ម ការហោះហើរយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រកាន់តែច្រើន និងវត្តមាននាវាចម្បាំង សហរដ្ឋអាមេរិកចំនួន ២គ្រឿង។
ក្នុងចំណោមសកម្មភាពយោធាទាំងនោះ សកម្មភាពខ្លះគឺត្រូវ បានប្រារព្ធធ្វើឡើង នៅក្នុងទីជិតតំបន់គ្រីមា ជាឧបទ្វីបនៅដែនសមុទ្រខ្មៅមួយ ដែលប្រទេសរុស្ស៊ីបាន យកពីប្រទេសអ៊ុយក្រែន ហើយដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្នទីក្រុងគៀវ ចង់យកត្រឡប់មកវិញ។
លោក ពូទីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគួរតែនិយាយថា ក្រសួងការពារជាតិរបស់យើង ចេញសំណើសុំប្រារព្ធ ធ្វើសមយុទ្ធភ្លាមៗរបស់យើងផ្ទាល់ នៅក្នុងដែនទឹកទាំងនោះ ប៉ុន្តែខ្ញុំជឿថា នោះជារឿងគ្មានន័យ និងថា គ្មានភាពចាំបាច់ត្រូវបន្ថែម ភាពតានតឹងបន្ថែមទៀត នៅទីនោះនោះទេ” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
