ព័ត៌មានអន្តរជាតិ

អគ្គនាយក IAEA នឹងបំពេញទស្សនកិច្ចផ្លូវការ នៅអ៊ីរ៉ង់ ឆាប់ៗនេះ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានប្រកាសនៅថ្ងៃចន្ទនេះថា លោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងធ្វើទស្សនកិច្ចផ្លូវការ ទៅកាន់រដ្ឋធានីតេអេរ៉ង់ ក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់កំពុងរង់ចាំលោក Grossi ឆ្លើយតបទៅនឹងការ អញ្ជើញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានលើកឡើងថា ទំនាក់ទំនងបច្ចេកទេសរវាងអ៊ីរ៉ង់ និង IAEA កំពុងដំណើរការក្នុងទិសដៅដ៏ល្អ ដោយលោកបានបន្ថែមថា “លោក Grossi មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយទាំងអង្គការថាមពលបរមាណូ និងមិត្តរបស់យើង នៅស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងវីយែន”។

លោក Khatibzadeh បានបន្ដថា នៅក្នុងដំណើរទស្សនកិច្ច លើកក្រោយរបស់លោក លោក Grossi នឹងជួបជាមួយប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) ក៏ដូចជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក Mohammad Eslami អនុប្រធាន និងជាប្រធាន AEOI និងលោក Grossi នៅទីក្រុងតេអេរ៉ង់ ក្នុងខែកញ្ញា អ្នកត្រួតពិនិត្យរបស់ IAEA ត្រូវបានអនុញ្ញាតឱ្យផ្តល់ សេវាឧបករណ៍ត្រួតពិនិត្យ ដែលបានកំណត់ ដំឡើងនៅក្នុងកន្លែង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងជំនួសឧបករណ៍ផ្ទុករបស់ពួកគេ ដែលនឹងត្រូវបានរក្សាទុកនៅអ៊ីរ៉ង់។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ អ៊ីរ៉ង់បានបញ្ឈប់ការ អនុវត្តវិធានការស្ម័គ្រចិត្ត ដែលរំពឹងទុកនៅក្នុងផែនការ សកម្មភាពទូលំទូលាយរួម ឆ្នាំ២០១៥ (JCPOA) ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងប្រតិកម្មតបទៅនឹងការដក ឯកតោភាគីរបស់អតីត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញពី JCPOA និងឡើងវិញ និងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ៕

ដោយ ឈូក បូរ៉ា

To Top
×