ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចតំបន់អាហ្វ្រិក ៥ថ្ងៃនៅកេនយ៉ា

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់តំបន់ អាហ្វ្រិកដែលបានពន្យាពេលជាយូរ ដើម្បីបង្ហាញការគាំទ្រចំពោះទ្វីបនេះ ស្របពេលកំពុងមានភាពអាសន្នផ្នែកសុខាភិបាល និងអំពើហិង្សាស៊ីវិល នៅក្នុងប្រទេសជាច្រើនក្នុងតំបន់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសកេនយ៉ា កាលពីល្ងាចថ្ងៃអង្គារ និងបានជួបជាមួយមន្ត្រីកេនយ៉ា នៅថ្ងៃពុធ នៅដំណើរឈប់ចូលដំបូងក្នុងទស្សនកិច្ចដែលគ្រោងទុក មានរយៈពេល៥ថ្ងៃរបស់លោក។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ដំបូងឡើយ គឺត្រូវបានគ្រោងធ្វើឡើងនៅក្នុងខែសីហា ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានពន្យាពេលដំណើរទស្សនកិច្ចការទូតនេះវិញ ដើម្បីផ្តោតអារម្មណ៍ចំពោះការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ក្រុមមន្ត្រីនានា បាននិយាយប្រាប់ថា ដំណើរទស្សនកិច្ចទៅកាន់តំបន់អាហ្វ្រិកនេះ គឺមានគោលបំណងធ្វើការបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន និងការជំរុញលើកកម្ពស់សន្តិភាព ស្របពេលមានជម្លោះស៊ីវិល នៅក្នុងប្រទេសអេត្យូពីនិងស៊ូដង់៕

To Top