ព័ត៌មានអន្តរជាតិ

ជប៉ុនប្រាប់ចិន សន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ជារឿងសំខាន់

បរទេស៖រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ដល់រដ្ឋមន្ត្រីការបរទេសចិនថា សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជារឿងសំខាន់ ទន្ទឹមនឹងការបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពនៅហុងកុងនិងតំបន់ស៊ីនជាំង។

ចំណងមិត្តភាពរវាង ប្រទេសជិតខាងគ្នាទាំងពីរនេះ មានភាពរអាក់រអួលម្តងម្កាល ជុំវិញជម្លោះទឹកដីនិងរឿងរ៉ាវ សង្គ្រាមលោកលើកទី២ ប៉ុន្តែលោក Yoshimasa Hayashi ដែលចូលកាន់តំណែងថ្មីក្នុងខែនេះ បាននិយាយថា ការកសាងចំណងមិត្តភាពប្រកបដោយស្ថិរភាពនិង អំណោយផលល្អ ជាមួយប្រទេសចិន គឺមានសារៈសំខាន់។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងការបរទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្លែងប្រាប់លោក វ៉ាង យី ជារដ្ឋមន្ត្រីការបរទេសនិងជាទីប្រឹក្សារដ្ឋចិន សម្រាប់ជាលើកដំបូងនោះ លោករដ្ឋមន្ត្រីការបទេសជប៉ុនទើបកាន់តំណែងថ្មីរូបនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបង្ហាញនូវបំណងប្រាថ្នារបស់លោក ក្នុងការបង្កើតកិច្ចប្រឹងប្រែងឆ្ពោះទៅរកចំណុចនោះ។

ប៉ុន្តែលោកក៏បានមានប្រសាសន៍ផងដែរថា លោកមានអារម្មណ៍ព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពនៅហុងកុង ជាទីដែលអាជ្ញាធរកំពុងតែធ្វើការបង្ក្រាប លើអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេ្យ និងតំបន់ភាគខាងលិចរបស់ចិន គឺតំបន់ស៊ីនជាំង ជាទីដែលក្រុមសិទ្ធិមនុស្សនិយាយថា សមាជិករបស់ក្រុមជនជាតិភាគតិចមូស្លីម កំពុងតែប្រឈមនឹងការបៀតបៀន៕ប្រែសម្រួល៖ប៉ាង កុង

To Top
×