ព័ត៌មានអន្តរជាតិ

អាមេរិកនិងតៃវ៉ាន់ នឹងប្រារព្ធធ្វើកិច្ចពិភាក្សា សេដ្ឋកិច្ចជុំទី២នៅសប្ដាហ៍ក្រោយ

បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃសុក្រសប្ដាហ៍នេះថាសហរដ្ឋអាមេរិកនិងកោះកាន់លទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់ ដែលចិនអះអាងកម្មសិទ្ធិថាជាទឹកដីខ្លួននោះ នឹងប្រារព្ធធ្វើកិច្ចប្រជុំពិៅភាក្សាសេដ្ឋកិច្ចជុំទី២មួយ នៅក្នុងសប្ដាហ៍ក្រោយ។ 

ដោយបានចាប់ផ្តើម ធ្វើឡើងកាលពីឆ្នាំមិញ ស្របពេលមានសម្ពាធចិនលើកោះតៃវ៉ាន់នោះ កិច្ចពិភាក្សាគ្នាដែលកំពុងតែប្រព្រឹត្តទៅនេះ នឹងធ្វើឡើងក្រោយកិច្ចជំនួបមួយ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

 ក្រោយជំនួបគ្នានោះ លោក ស៊ី ជីនពីង បានព្រមានថា អ្នកគាំទ្រនៅសហរដ្ឋអាមេរិក ចំពោះភាពឯករាជ្យរបស់តៃវ៉ាន់ គឺកំពុងតែប្រលែងលេងជាមួយភ្លើង។ 

ផ្ទាំងពាណិជ្ជកម្ម

នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ អនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាន លោក Jose Fernandez នឹងដឹកនាំកិច្ចពិភាក្សាភាពជាដៃគូវិបុលភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក-តៃវ៉ាន់នោះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន i24 NEWS នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ 

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានបន្ថែមថា ការផ្លាស់ប្តូរមតិគ្នានោះ នឹងត្រូវបានធ្វើឡើងក្រោមជំនួយរបស់វិទ្យាស្ថានអាមេរិកប្រចាំនៅកោះតៃវ៉ាន់ និងការិយាល័យសេដ្ឋកិច្ចនិងតំណាងវប្បធម៌របស់ទីក្រុងតៃប៉ិ ប្រចាំនៅសហរដ្ឋអាមេរិកដែលដើរតួនាទីជាស្ថានទូតក្រៅផ្លូវការរៀងខ្លួន៕ 

To Top