ភ្នំពេញ៖ ចិននឹងផ្តល់គម្រោងវិនិយោគ សម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១,៥ ប៊ីលានដុល្លាអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ ការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមការបញ្ជាក់ពី លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។
នៅក្នុងកិច្ចប្រជុំនេះ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ បានដាក់សំណើ៥ចំណុច ទៅកាន់ថ្នាក់ ដឹកនាំអាស៊ាន-ចិន ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន។
សំណើរទាំង ៥ចំណុចរួមមាន៖
- ទី១៖ កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេច ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខា លើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ។
- ទី២៖ កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិនដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
- ទី៣៖ កសាងផ្ទះមួយដែលមានវិបុលភាពជាមួយគ្នា ខណៈចិន នឹងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១,៥ ប៊ីលានដុល្លាអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងពីតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។
-ទី៤៖ កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយ លើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ច សហប្រតិបត្តិការផ្សេងៗ។
- ទី៥៖ កសាងផ្ទះមួយដែលប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុង ចំណោម យុវជន និងថ្នាក់ដឹកនាំវ័យក្មេង៕

