ព័ត៌មានអន្តរជាតិ

អាមេរិក និងពួកតាលីបង់បញ្ចប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃក្នុងប្រទេសកាតា ស្របពេលមានវិបត្តិមនុស្សជាតិ

បរទេស៖សហរដ្ឋអាមេរិក និងរដ្ឋាភិបាលដឹកនាំដោយពួកតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ ទើបបានបញ្ចប់កិច្ចពិភាក្សាគ្នារយៈពេល២ថ្ងៃ នៅក្នុងប្រទេសកាតា ស្របពេលមានវិបត្តិសេដ្ឋកិច្ចនិងមនុស្សជាតិជាខ្លាំង នៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ាននេះ។

ភាគីទាំងពីរបានធ្វើការបញ្ជាក់ អំពីការបញ្ចប់កិច្ចពិភាក្សាមានរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានី ដូហា ប្រទេសកាតា ជាមួយមន្ត្រីពួកតាលីបង់ ដែលអំពាវនាវឲ្យសមភាគីសហរដ្ឋអាមេរិក ដកទណ្ឌកម្មនិងបញ្ឈប់ការបង្កកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។

ការអំពាវនាវនោះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមនេះ ជួបវិបត្តិមនុស្សជាតិ ដែលអង្គការសហប្រជាជាតិ បានធ្វើការព្រមានដដែលៗថា កំពុងតែធ្វើដំណើរឆ្ពោះទៅរកគ្រោះមហន្តរាយមួយ នេះបើតាមការចេញផ្សាយរបស់កាសែត UPI។

លោក Abdul Qahar Balkhi ជាមន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសរបស់ពួកតាលីបង់ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រថា ពួកគេបានជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ភ្លាមដោយគ្មានលក្ខខណ្ឌ ចំពោះការបង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន បញ្ចប់ការដាក់ទណ្ឌកម្មនិងការចុះក្នុងបញ្ជីខ្មៅ និងផ្តាច់បញ្ហាមនុស្សធម៌ពីការពិចារណាបែបនយោបាយ៕ប្រែសម្រួល៖ប៉ាង កុង

To Top