ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោកថា មិនត្រូវភ័យស្លន់ស្លោរ ចំពោះវីរុសបំលែងថ្មី អូមីក្រុង នោះទេ

បរទេស៖ វីរុសដែលបំលែងខ្លួនថ្មីឈ្មោះ អូមីក្រុង កំពុងរីករាលដាល ពាសពេញពិភពលោក ជាមួយនឹងការចម្លងលឿន ប៉ុន្តែករណីឆ្លងជាច្រើនហាក់ មើលទៅដូចជាស្រាល ឬមិនមានរោគសញ្ញា ដែលជំរុញឱ្យអង្គការ សុខភាពពិភពលោក អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់។

យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់មានប្រទេស និងតំបន់ចំនួន ៤០ បានរាយការណ៍ករណីឆ្លង របស់វីរុសបំលែងថ្មីនេះ ហើយការរីករាលដាលចូល សហគមន៍ហាក់ដូចជាកំពុងកើតឡើង នៅក្នុងតំបន់ជាច្រើន ប៉ុន្តែអ្នកនាំពាក្យ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា រហូតមកដល់ពេលនេះមិនទាន់ មានអ្នកស្លាប់ដោយសារវីរុសបំលែងថ្មី អូមីក្រុង ណាម្នាក់ ត្រូវបានរាយការណ៍នោះទេ។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បានប្រាប់សន្និសីទកាសែត Reuters Next ថាវ៉ារ្យ៉ង់ អូមីក្រុង អាចក្លាយជាលេចធ្លោ ព្រោះវាអាចឆ្លងលឿន។ លោកស្រីថា “វាអាចទៅរួចដែលវាអាច ក្លាយជាវ៉ារ្យ៉ង់លេចធ្លោ” ដោយបន្ថែមវីរុសបំលែង Delta ឥឡូវនេះមានចំនួន ៩៩ភាគរយ នៃការឆ្លងទូទាំងពិភពលោក។

ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO រូបនេះ បន្ថែមថា “តើយើងគួរព្រួយបារម្ភប៉ុណ្ណា? យើងត្រូវត្រៀមខ្លួន និងប្រុងប្រយ័ត្ន កុំភ័យស្លន់ស្លោ ព្រោះយើងស្ថិតក្នុងស្ថានភាពខុសពីឆ្នាំមុន។ ការពិតដែលថាពួកគេមិនឈឺ … នោះមានន័យថា វ៉ាក់សាំងដែលពួកគេបានចាក់ នៅតែផ្តល់ការការពារដល់ពួកគេ ហើយយើងសង្ឃឹមថា ពួកគេនឹងបន្តផ្តល់ការការពារ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top