ម៉ាទ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា ការផ្ទុះដែលកំពុងបន្តនៃភ្នំភ្លើង Cumbre Vieja នៅលើដែនកោះ La Palma បានធ្វើឱ្យខូចខាត ដែលគេបានធ្វើការប៉ាន់ស្មានគិតជាទឹកប្រាក់ចំនួន ៨៤២,៣៣លានអឺរ៉ូ ស្មើនឹង៩៥៣លានដុល្លារអាមេរិក នេះបើយោងតាមនាយកដ្ឋានរតនាគារនៅក្នុងតំបន់ នៅកោះកាណារី បានឲ្យដឹងដូច្នេះ ។
ការផ្ទុះនេះបានបន្តសម្រាប់សប្តាហ៍ទី១១ បន្ទាប់ពីវាបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញា ហើយមិនមានសញ្ញាណាមបញ្ជាក់អំពីការបញ្ឈប់សកម្មភាពនោះទេ ។
សកម្មភាពនេះត្រូវបានបន្តដោយមានផ្ទុះថ្មីនៅលើផ្ទៃមុខមាត់រណ្តៅភ្នំភ្លើងនៅភាគខាងជើងឆៀងខាងកើតនៃភ្នំ និងការបង្កើតជារាងមួយទៀតដែលបញ្ចេញកម្អែភ្នំភ្លើង ផេះ និងឧស្ម័ន ភាយឡើង ។
នេះបើយោងតាមទិន្នន័យផ្កាយរណបចុងក្រោយបង្អស់បានបង្ហាញឲ្យឃើញថា ការផ្ទុះនេះបានគ្របដណ្តប់លើផ្ទៃដី១.១៤៦ហិកតានៅលើកោះ La Palma ដែលស្មើនឹង១,៦ភាគរយនៃផ្ទៃដីសរុបរបស់កោះនេះ ។
អគារសរុបចំនួន២.៨៩១ខ្នងត្រូវបានរងផលប៉ះពាល់ដោយកម្អែភ្នំភ្លើង ដោយមាន ២.៧៩០ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ខណៈកម្អែភ្នំភ្លើងបានបង្កើតដីថ្មីចំនួន ៤៨,០៣ ហិកតា ដែលវាបានហូរចូលទៅក្នុងសមុទ្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា