បច្ចេកវិទ្យា

ចិន ដាក់សម្ពាធក្រុមហ៊ុន គ្រឿងបន្លាស់ឡានអាល្លឺម៉ង់ ឲ្យឈប់ប្រើគ្រឿងផ្សំផលិត នៅលីទុយអានី

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែដាក់សម្ពាធលើ ក្រុមហ៊ុនគ្រឿងបន្លាស់ឡាន ខ្នាតយក្សអាល្លឺម៉ង Continental ឲ្យឈប់ប្រើប្រាស់គ្រឿងផ្សំ ដែលផលិតនៅក្នុងប្រទេសលីទុយអានី ស្របពេលមានជម្លោះរវាងទីក្រុងប៉េកាំង និងប្រទេសក្នុងតំបន់ សមុទ្របាល់ទិកមួយនេះ ជុំវិញរឿងតៃវ៉ាន់។

ការផ្តោតគោលដៅលើក្រុមហ៊ុន នេះ គឺជាឧទាហរណ៍មួយពី ប្រការដែលជម្លោះការទូត រវាងចិននិងលីទុយអានី កំពុងជះឥទ្ធិពលដល់ពាណិជ្ជកម្ម ក្នុងយុគសម័យនៃ សង្វាក់ផ្គត់ផ្គង់សកល និងជះឥទ្ធិពលដល់ឧស្សាហកម្ម រថយន្តរបស់អាល្លឺម៉ង់ ដែលជាមូលដ្ឋានគ្រឹះប្រាក់ចំណេញមួយ របស់មហាសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីខ្លួន បានកាត់បន្ថយចំណងមិត្តភាពការទូត ជាមួយប្រទេសលីទុយអានី កាលពីសប្ដាហ៍មុន ក្រោយការបើកការិយាល័យ តំណាងមួយរបស់តៃវ៉ាន់ នៅក្នុងទីក្រុង Vilnius។ រដ្ឋាភិបាលលីទុយអានី បានយល់ព្រមកាលពីឆ្នាំមិញ ធ្វើការគាំទ្រដល់អ្វីដែលខ្លួនពិពណ៌នា ជាការប្រយុទ្ធដើម្បីសេរីភាពនៅតៃវ៉ាន់។

ក្រុមហ៊ុន Continental គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ រថយន្តដ៏ធំបំផុតរបស់ពិភពលោក មានទីតាំងផលិតនៅ ក្នុងប្រទេសលីទុយអានី ផលិតគ្រឿងបន្លាស់អេឡិកត្រូនិក ដូចជាប្រព័ន្ធគ្រប់គ្រងទ្វារ និងកៅអីរថយន្ត និងនាំចេញទៅឲ្យអតិថិជនទូទាំងសកលលោក រួមទាំងចិនផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top