ព័ត៌មានអន្តរជាតិ

ករណីឆ្លងមេរោគអូមីក្រុង នៅអាមេរិក កំពុងកើនឡើង ខណៈអនុម័តថ្នាំព្យាបាល ២ប្រភេទ

វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យក្រុមហ៊ុនឱសថអាមេរិក Merck’s ថ្នាំប្រឆាំងវីរុស សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ដែលជាថ្នាំគ្រាប់ទីពីរ ដែលត្រូវបានអនុម័ត សម្រាប់ការព្យាបាលជំងឺ បន្ទាប់ពីថ្នាំពីក្រុមហ៊ុន Pfizer ។

ការសម្រេចចិត្តរបស់ FDA បានបន្ថែមជម្រើសព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះមួយផ្សេងទៀត ដើម្បីជួយរក្សាអ្នកដែលមានហានិភ័យខ្ពស់ចេញពីមន្ទីរពេទ្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ដែលហៅថា molnupiravir ត្រូវបានអនុញ្ញាតឱ្យប្រើចំពោះមនុស្សពេញវ័យដែលមានលទ្ធផលវិជ្ជមាននៃការធ្វើតេស្តមេរោគ SARS-CoV-2 ដោយផ្ទាល់ ហើយអ្នកដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ រួមទាំងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់ ហើយសម្រាប់អ្នកដែលមានជម្រើសនៃការព្យាបាល ដែលត្រូវបានអនុញ្ញាតដោយ FDA គឺមិនអាចចូលប្រើបាន ឬសមស្របតាមគ្លីនិកនោះទេ នេះបើយោងតាម FDA ។

ការអនុម័តថ្នាំព្យាបាលជំងឺកូវីដ-១៩ ចំនួន ២ប្រភេទជាប់ៗគ្នានេះ គឺធ្វើឡើងខណៈដែលអាមេរិក កំពុងមើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង ដោយការឆ្លងមានល្បឿនលឿន ស្ទើតែគ្រប់រដ្ឋទាំងអស់ទៅហើយនៅក្នុងប្រទេសនេះ៕

ដោយ ឈូក បូរ៉ា

To Top