បរទេស ៖ អាជ្ញាធរតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ត្រីដែលស្វែងរកការ ធ្វើដំណើរផ្លូវឆ្ងាយ មិនគួរត្រូវបានផ្តល់ជូនការដឹកជញ្ជូនពួកគេនោះទេ លុះត្រាតែពួកគេត្រូវអមដំណើរ ដោយសាច់ញាតិបុរសជិតស្និទ្ធ ។
យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីណែនាំដែលចេញដោយក្រសួងលើកកម្ពស់គុណធម៌ និងបង្ការអំពើអបាយមុខ ក៏បានអំពាវនាវដល់ម្ចាស់យានជំនិះទាំងអស់ ផ្តល់ការជិះសម្រាប់តែស្ត្រីទាំងនោះ ដែលពាក់ស្បែគ្របក្បាលជាឥស្លាមប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងលោក Sadeq Akif Muhajir បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា “ស្ត្រីដែលធ្វើដំណើរលើសពី ៤៥ ម៉ាយ (៧២ គីឡូម៉ែត្រ) មិនគួរត្រូវបានផ្តល់ជូនដើម្បីឱ្យជិះ (ធ្វើដំណើរ) នោះទេ ប្រសិនបើពួកគេមិនត្រូវបានអមដំណើរ ដោយសមាជិកគ្រួសារជិតស្និទ្ធ” ។
ការណែនាំដែលត្រូវ បានផ្សព្វផ្សាយ នៅលើបណ្តាញទំនាក់ទំនងសង្គម កើតឡើង ប៉ុន្មានសប្តាហ៍ បន្ទាប់ពីក្រសួងបានស្នើសុំឱ្យប៉ុស្តិ៍ ទូរទស្សន៍របស់ប្រទេស អាហ្វហ្គានីស្ថាន បញ្ឈប់ការសំដែងរឿងភាគ និងរឿងល្ខោន ដែលមានតួសម្តែងជាស្ត្រី។ ក្រសួងក៏បានអំពាវនាវ ឲ្យអ្នកសារព័ត៌មានទូរទស្សន៍ស្ត្រី ពាក់ស្បៃរគ្របក្បាលផងដែរ ពេលធ្វើបទបង្ហាញ ៕
ប្រែសម្រួលៈ ណៃ តុលា