ព័ត៌មានអន្តរជាតិ

ការសម្លាប់លោក Qassem Soleimani ដោយអាមេរិក ធ្វើឲ្យមានសាមគ្គីភាពកាន់តែខ្លាំង ក្នុងកងកម្លាំងយោធាអ៊ីរ៉ង់

តេអេរ៉ង់៖ លោក Iman Abniki សមាជិកវ័យក្មេង នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានលើកឡើងថា “ខ្ញុំមកទីនេះមិនមែន ដោយសារ កាតព្វកិច្ច របស់ខ្ញុំទេ ប៉ុន្តែវាចេញពីបេះដូងរបស់ខ្ញុំ” ។ ការលើកឡើងនេះ ធ្វើឡើងនៅពេលចូលរួម ក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី២ នៃការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើករបស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់ឧត្តមសេនីយ៍ អ៊ីរ៉ង់លោក Qassem Soleimani ។

លោក Abniki ដែលមិនពាក់ឯកសណ្ឋានរបស់លោក បានចូលទៅក្នុងកន្លែងប្រារព្ធពិធីនៅតំបន់ Imam Khomeini Mosalla នៃទីក្រុងតេអេរ៉ង់ ជាងមួយម៉ោងមុន ម៉ោង ២រសៀល នៅពេលដែលពិធីនេះត្រូវបានកំណត់ពេលចាប់ផ្តើម ។ គាត់អង្គុយស្ងៀម ទល់នឹងសសរមួយ ហើយរង់ចាំដោយដៃ កាន់ផ្កា លុតជង្គង់ ហើយឱនក្បាលចុះ។

លោកបានលើកឡើងថា “លោក Soleimani ពិតជាមានចិត្តល្អ ចំពោះអ្នកដែលធ្វើការជាមួយលោក ដែលបានប្រគល់មកឲ្យលោកវិញ ដោយក្តីស្រឡាញ់ និងការគោរព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Abniki បានបន្ថែមថា ការធ្វើឃាតរបស់សហរដ្ឋអាមេរិក បានលើកកម្ពស់មេបញ្ជាការ ឱ្យក្លាយជា “វីរបុរសកាន់តែធំ” ដែលនាំឱ្យមានភាពសាមគ្គីភាព កាន់តែខ្លាំងក្នុងចំណោមទាហានអ៊ីរ៉ង់ ។

ដូចទាហានវ័យក្មេងរូបនេះដែរ ហ្វូងមនុស្សដ៏ច្រើន ក៏ដូចជាមន្ត្រីកំពូលៗ និងឥស្សរជនយោធារបស់អ៊ីរ៉ង់ ដូចជាប្រធានាធិបតីលោក Ebrahim Raisi បានប្រមូលផ្តុំគ្នា ដើម្បីគោរពដល់ឧត្តមសេនីយ ដែលទុក្ករបុគ្គល និងកាន់ទុក្ខចំពោះអវត្តមាន របស់លោកនៅទីក្រុងតេអេរ៉ង់ ។

លោក Soleimani មេបញ្ជាការ នៃកងកម្លាំង Quds នៃកងកម្លាំង IRGC ត្រូវបានគេធ្វើឃាតរួមជាមួយដៃគូរបស់លោក ដោយសហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន អន្តរជាតិ បាកដាដ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដោយសារតែលោក “បានជួយប្រមូលផ្តុំ ចលនាមូលដ្ឋានប្រឆាំង នឹងវត្តមានយោធាអាមេរិក នៅក្នុងតំបន់អាស៊ីខាងលិច” នេះ បើ តាម កាសែត Tehran Times របស់ អ៊ីរ៉ង់៕
ដោយ ឈូក បូរ៉ា

To Top