បាងកក៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនកម្រិតប្រកាសអាសន្នជំងឺកូវីដ-១៩ ពីកម្រិត ៣ ទៅកម្រិត ៤ ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃឆ្លងអូមីក្រុង នៅក្នុងប្រទេស។
លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មាននៅភូកេតឲ្យដឹងថា ការព្រមានកម្រិតទី៤ សំដៅលើការបិទតំបន់ ដែលងាយនឹងឆ្លងមេរោគ ការកាត់បន្ថយការធ្វើដំណើរ និងការជួបជុំគ្នារវាងខេត្ត។
នៅក្នុងប្រទេសថៃ មានកម្រិតព្រមានចំនួន៥ ដែលកម្រិតទី៥ សំដៅលើបម្រាមគោចរ ការចល័តដ៏តឹងរ៉ឹង និងការគ្រប់គ្រងការប្រមូលផ្តុំសាធារណៈ និងគម្រោងដាក់ឱ្យនៅដាច់ពីគេ សម្រាប់អ្នកដំណើរទាំងអស់។
ប្រទេសនេះបានបញ្ជាក់ពីករណីជំងឺកូវីដ-១៩ ថ្មីចំនួន ៥៧៧៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងថ្ងៃមុន នេះបើយោងតាមអាជ្ញាធរសុខាភិបាល។ ចំនួនករណីធ្ងន់ធ្ងរ និងការស្លាប់បន្តថយចុះជារួម ប៉ុន្តែករណីដែលបានបញ្ជាក់ថ្មី កំពុងកើនឡើងយ៉ាងឆាប់រហ័ស។
លោក Kiattiphum បានកត់សម្គាល់ថា ទោះបីជាការឆ្លងមេរោគអូមីក្រុង ភាគច្រើនមានលក្ខណៈស្រាលក៏ដោយ សាធារណជនចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការកើនឡើងនៃករណី ដែលអាចដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស។
លោកបានជំរុញដល់សាធារណជនឱ្យទៅចាក់វ៉ាក់សាំងឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និងធ្វើតេស្តអង់ទីហ្សែនឱ្យបានលឿនជាប្រចាំ ដើម្បីរកឃើញការឆ្លង និងទទួលបានការព្យាបាលទាន់ពេល៕ដោយ ឈូក បូរ៉ា