ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើគុយបា គឺជាការទូតបង្ខិតបង្ខំ ធម្មតាទៅហើយ

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស្ថាប័ន និងមន្ត្រីគុយបា អស់រយៈពេលជាច្រើនឆ្នាំ ដែលនេះគឺជាការទូតបង្ខិតបង្ខំធម្មតា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ ដែលក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការរឹតបន្តឹង ទិដ្ឋាការលើមន្ត្រីគុយបាចំនួន ៨នាក់បន្ថែមទៀត ។

អស់រយៈពេល ២៩ឆ្នាំជាប់ៗគ្នា មហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័ត ដំណោះស្រាយដ៏លើសលប់ ទាមទារឱ្យសហរដ្ឋអាមេរិក បញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុប្រឆាំងនឹងគុយបា ។

លោក Wang បានលើកឡើងថា ប្រទេសចិនគាំទ្រ យ៉ាងម៉ឺងម៉ាត់ដល់រដ្ឋាភិបាល និងប្រជាជនគុយបា ក្នុងការតស៊ូ ដើម្បីការពារអធិបតេយ្យភាពជាតិ របស់ពួកគេ និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ដោយបន្ថែមថា ប្រទេសចិន គាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការស្វែងរកគុយបា លើមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹង លក្ខខណ្ឌជាតិរបស់ខ្លួន ។

លោកបានបន្ដថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក ដោះស្រាយទំនាក់ទំនង របស់ខ្លួន ជាមួយគុយបា ស្របតាមគោលបំណង នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងបទដ្ឋានជាមូលដ្ឋាន ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ លុបចោលទណ្ឌកម្មឯកតោភាគី របស់ខ្លួនប្រឆាំងនឹងគុយបាភ្លាមៗ និងទូលំទូលាយ និងបញ្ឈប់ការជ្រៀតជ្រែករបស់ខ្លួនលើកិច្ចការផ្ទៃក្នុង របស់ប្រទេសគុយបា” ៕

ដោយ ឈូក បូរ៉ា

To Top