ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស របស់យូអិន លើកឡើងអំពិសារៈសំខាន់ នៃប្រទេសជិតខាងលីប៊ី សម្រាប់សន្តិភាពនៅលីប៊ី

បរទេស៖ លោក Stephanie Williams ទីប្រឹក្សារបស់អគ្គលេខាធិកា អង្គការសហប្រជាជាតិ សម្រាប់កិច្ចការងារនៅលីប៊ី នៅកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងមួយ ដែលបង្ហាញអំពីសារៈសំខាន់ នៃបណ្តាប្រទេសអ្នកជិតខាង របស់លីប៊ីនៅក្នុងកិច្ចការងារគាំទ្រ
ទៅដល់ការពិភាក្សាសន្តិភាព នៃប្រទេសលីប៊ី ។

លោក Williams បានធ្វើការកត់សំគាល់នេះ នៅក្នុងកិច្ចប្រជុំមួយជាមួយ នឹងអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំ នៅប្រទេសលីប៊ីគឺលោក Slimane Chenine។

លោកក៏បានសរសេរបែបនេះ ផងដែរនៅលើបណ្តាញសង្គម Twitter ថា ពួកយើងបានគូសបញ្ជាក់អំពី សារៈសំខាន់នៃប្រទេសជិតខាង របស់លីប៊ីក្នុងការគាំទ្រ ទៅដល់កិច្ចពិភាក្សាត្រីភាគី ដើម្បីសន្តិភាពនៃប្រទេសលីប៊ី ដែលកន្លងមកពួកគេក៏ធ្លាប់ បានចូលរួមនូវកិច្ចពិភាក្សាលើការវិវត្តថ្មីៗ នៅលីប៊ីរួចរាល់ហើយផងដែរ។

រំលឹកដែរថាលីប៊ី នឹងត្រូវដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ជាលើកដំបូងរបស់ខ្លួន ចាប់តាំងតែពីពេលមានវិបត្តិ នាថ្ងៃទី២៤ ខែធ្នូ ប៉ុន្តែវាត្រូវបានផ្អាក និងលើកពេលវេលារហូតមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top