ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ នឹងចាប់ផ្តើមមូលនិធិ ឥណទាន ឲ្យលីទុយអានី ស្របពេលមានសម្ពាធពីប៉េកាំង

បរទេស៖ រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល តៃវ៉ាន់ មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា តៃវ៉ាន់ នឹងចាប់ផ្តើមកម្មវិធីឥណទាន ១ពាន់លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់គម្រោងរួម រវាងក្រុមហ៊ុន លីទុយអានី និងតៃវ៉ាន់ ក្នុងប្រភេទពាណិជ្ជកម្មចំនួន៦។

នាពេលបច្ចុប្បន្ននេះ ប្រទេសលីទុយអានី កំពុងស្ថិតក្រោមសម្ពាធពីប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួននោះ ដោយសារតែការសម្រេចចិត្តអនុញ្ញាតឲ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាងមួយនៅក្នុងទីក្រុង Vilnius។

ប្រទេសចិន បានកាត់បន្ថយចំណងមិត្តភាពការទូតជាមួយលីទុយអានី និងដាក់សម្ពាធក្រុមហ៊ុននានា ដូចជាក្រុមហ៊ុនគ្រឿងបន្លាស់រថយន្តខ្នាតយក្សអាល្លឺម៉ង់ Continental ជាដើម ឲ្យឈប់ប្រើប្រាស់គ្រឿងផ្គុំផលិតនៅលីទុយអានី ហើយទីក្រុងប៉េកាំងក៏បានរារាំងទំនិញលីទុយអានី មិនឲ្យចូលទៅក្នុងប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន កោះតៃវ៉ាន់ ក៏បានប្រកាសផែនការបង្កើតមូលនិធិ ផ្សេងគ្នាមានទំហំទឹកប្រាក់ ២០០លានដុល្លារមួយ ដើម្បីធ្វើការវិនិយោគនៅក្នុងវិស័យ ឧស្សាហកម្មលីទុយអានី និងជំរុញបង្កើនជំនួញទ្វេភាគី ទន្ទឹមនឹងការព្យាយាម ទប់ទល់នឹងសម្ពាធ ការទូតរបស់ចិន លើប្រទេសលីទុយអានី៕

ប្រែសម្រួល៖ប៉ាង កុង

To Top