វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនជាតិ កូរ៉េខាងជើងចំនួន ៥នាក់ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសចិន ជុំវិញការចោទប្រកាន់របស់ពួកគេ ចំពោះកម្មវិធីអភិវឌ្ឍន៍អាវុធ របស់ទីក្រុងព្យុងយ៉ាងបន្ទាប់ពី ការសាកល្បងមីស៊ីលផ្លោងនាពេលថ្មីៗនេះ។
លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ សម្រាប់ភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បន្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងកំណត់គោលដៅ “បន្តប្រើប្រាស់អ្នកតំណាង ក្រៅប្រទេសរបស់ខ្លួន ដើម្បីទិញអាវុធខុសច្បាប់” ។
មន្ត្រីរូបនេះបានបន្ថែមថា “ការបាញ់កាំជ្រួចចុងក្រោយ របស់កូរ៉េខាងជើង គឺជាភស្តុតាងបន្ថែមទៀតថា វានៅតែបន្តជំរុញកម្មវិធីហាមឃាត់ បើទោះបីជាសហគមន៍អន្តរជាតិ មានការអំពាវនាវឱ្យមានការទូត និងការរំសាយអាវុធនុយក្លេអ៊ែរក៏ដោយ” ។
បុគ្គលទាំង ៥រូបដែលនឹងប្រឈមមុខនឹង ការបង្កកទ្រព្យសម្បត្តិនៅ សហរដ្ឋអាមេរិករួមមានលោក Choe Myong Hyon ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ដែលជាប្រធានតំណាងនៃ អង្គភាពក្រោមបង្គាប់នៃ បណ្ឌិត្យសភាវិទ្យាសាស្ត្រធម្មជាតិទីពីរ ដែលជាអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង។
ក្រសួងបានឲ្យដឹងថា លោក Choe បានធ្វើការដើម្បីទិញឧបករណ៍ ដែលទាក់ទងនឹង ទូរគមនាគមន៍ពីប្រទេសរុស្ស៊ី សម្រាប់ក្រុមហ៊ុនកូរ៉េខាងជើង ដើម្បីយកទៅអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែរ។
បុគ្គល ៤នាក់ផ្សេងទៀត គឺជាអ្នកតំណាងរបស់ស្ថាប័ន ក្រោមបង្គាប់របស់សាលា ដែលមានមូលដ្ឋាននៅប្រទេសចិន ដែលបានចូលរួមក្នុងការទិញកម្មវិធី សារធាតុគីមី និងទំនិញផ្សេងទៀត សម្រាប់កូរ៉េខាងជើង ៕
ដោយ ឈូក បូរ៉ា