ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានបញ្ចេញប្រតិកម្មខ្លាំងឡើង ក្រោយមានទណ្ឌកម្មថ្មី ពីអាមេរិក

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បាននិយាយប្រឆាំងនឹងទណ្ឌកម្មថ្មី ដែលសហរដ្ឋអាមេរិកបានដាក់ ក្រោយការបាញ់តេស្ត សាកល្បងមីស៊ីលចំនួន២ ដោយហៅការដាក់ទណ្ឌកម្មថ្មីនោះ ថាជាការបង្កហេតុ និងធ្វើការព្រមានបញ្ចេញប្រតិកម្ម កាន់តែខ្លាំងឡើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែរក្សាគោលជំហរប្រឈមមុខ ជាមួយនឹងខ្លួននោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងជើងនោះ កូរ៉េខាងជើងបានបង្ហាញ ពីភាពត្រឹមត្រូវនៃការបាញ់ នូវអ្វីដែលខ្លួនអះអាងថា ជាអាវុធហោះវាយប្រហារ លឿនជាងសម្លេងនោះ ជាការអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន ចំពោះកិច្ចការពារខ្លួនឯង។

សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅក្នុង ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បាននិយាយយ៉ាងដូច្នេះថា “ការធ្វើតេស្តសាកល្បង មិនបានផ្តោតគោលដៅលើប្រទេស ឬក៏កងកម្លាំងជាក់លាក់ណាមួយទេ ហើយវាមិនបានបង្កឲ្យមានគ្រោះថ្នាក់ ណាមួយដល់សន្តិសុខ របស់ប្រទេសជិតខាងឡើង”។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយហៅទណ្ឌកម្មថ្មីនោះ ថាជាការបង្កហេតុដ៏ច្បាស់ក្រឡែត និងជាតក្កៈបែបទំនើងនោះ សេចក្តីថ្លែងការណ៍ ដដែលនេះបានបន្តយ៉ាងដូច្នេះថា “ទោះជាយ៉ាងណា សហរដ្ឋអាមេរិក កំពុងមានចេតនាធ្វើ ស្ថានភាពឲ្យកាន់តែក្តៅ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top