ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសទណ្ឌកម្មអាមេរិក លើអ៊ីរ៉ង់

បរទេស៖ ប្រទេសចិន បានធ្វើការបញ្ជាក់ជាថ្មី នូវការជំទាស់របស់ខ្លួន ចំពោះទណ្ឌកម្មឯកតោភាគី ដែលអាមេរិក ដាក់លើប្រទេសអ៊ីរ៉ង់ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិន និងអ៊ីរ៉ង់ បានប្រកាសការចាប់ផ្តើម កិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេល២៥ឆ្នាំ ក្នុងគោលបំណង ពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច និងនយោបាយ។

តាមសេចក្តីរាយការណ៍ នៅក្នុងកិច្ចជំនួបមួយកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Wuxi ខេត្ត Jiangsu រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានធ្វើការគាំទ្រដល់កិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ជាមួយនឹងមហាអំណាចពិភពលោក ឡើងវិញផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សេចក្តីសង្ខេបនៃកិច្ចជំនួបគ្នា រវាងរដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នោះ គឺត្រូវបានគេបង្ហោះ នៅលើគេហទំព័រផ្លូវការ របស់ក្រសួងការបរទេសចិន នាថ្ងៃសៅរ៍នេះ។

លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ត្រូវទទួលខុសត្រូវចម្បង សម្រាប់ភាពលំបាកកំពុងតែកើតមាន ជាមួយប្រទេសអ៊ីរ៉ង់ តាមរយៈការដកខ្លួនដោយឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ រវាងមហាអំណាចពិភពលោក និងអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

To Top