បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ ទើបបានបញ្ចប់កិច្ចព្រមព្រៀង ទិញយកប្រព័ន្ធមីស៊ីលបាញ់នាវា ពីប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក់ជិត ៣៧៥លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក។
នៅក្រោមកិច្ចព្រមព្រៀង ដែលបានចរចាគ្នាជាមួយ រដ្ឋាភិបាលនៃប្រទេសឥណ្ឌានោះ ក្រុមហ៊ុន Brahmos Aerospace Private Ltd នឹងផ្តល់ប្រព័ន្ធបាញ់ចំនួន៣ ប្រតិបត្តិការីផ្នែកផ្តល់ការហ្វឹកហាត់ និងឧបករណ៍ថែទាំ និងផ្តល់ឲ្យនូវការគាំទ្រផ្នែកដឹកជញ្ជូន នេះបើយោងតាមសម្តីរបស់ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana។
តាមសេចក្តីរាយករាណ៍ ប្រព័ន្ធបាញ់នាវថ្មីនេះ គឺមានគោលដៅទប់ស្កាត់ មិនឲ្យនាវាបរទេស ធ្វើដំណើរបំពានចូលទៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមានចម្ងាយ ២០០ម៉ាយ របស់ប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ប្រទេសហ្វីលីពីន បានទិញមីស៊ីល Spike ER ផលិតដោយអ៊ីស្រាអែល ដែលជាប្រព័ន្ធមីស៊ីលបាញ់ ចេញពីនាវា សម្រាប់ការទប់ទល់ នៅលើដែនសមុទ្រ ៕
ប្រែសម្រួល៖ ប៉ាង កុង