ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួន សម្រាប់ការបើកស្ថានទូតឡើងវិញ នៅអារ៉ាប៊ីសាអូឌីត

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Saeed Khatibzadeh បានលើកឡើងថា ការសម្រេចចិត្តនៅតែអាស្រ័យ លើ ភាគីអារ៉ាប៊ីសាអូឌីត និងវិធានការជាក់ស្តែង ដែលខ្លួនត្រូវការ។

លោក Khatibzadeh បានបន្ថែមថា ពេលនេះអ៊ីរ៉ង់ កំពុងផ្តោតលើការបន្តសកម្មភាពដោយបេសកកម្មរបស់ខ្លួន ចំពោះអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅទីក្រុង Jeddah ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានបង្ហើបឱ្យដឹងមុននេះ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានជាភាសាអង់គ្លេស Al Jazeera ថា អ៊ីរ៉ង់បានធ្វើការចរចាជាវិជ្ជមាន និងស្ថាបនាចំនួន ៤ជុំជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសអ៊ីរ៉ាក់។

លោក Abdollahian បានលើកឡើងថា “អ្វីដែលយើងបាននិយាយជាជំហរផ្លូវការរបស់យើងគឺថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រឡប់មកធម្មតាវិញនៅពេលណា ដែលភាគីអារ៉ាប៊ីសាអូឌីតចង់បាន។

អារ៉ាប៊ីសាអូឌីតបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ នៅដើមឆ្នាំ២០១៦ ក្នុងការតវ៉ាប្រឆាំងនឹងការវាយប្រហារលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់របស់អារ៉ាប៊ីសាអូឌីត៕


ដោយ ឈូក បូរ៉ា

To Top