ព័ត៌មានអន្តរជាតិ

សារព័ត៌មាន ផ្សាយថា រុស្ស៊ី បានជម្លៀសមន្រ្តីទូត របស់ខ្លួន ចេញពីប្រទេសអ៊ុយក្រែន

បរទេស៖ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃចន្ទ គឺ កាសែតនេះបានអះអាងថាមនុស្ស ១៨នាក់ ភាគច្រើន ជាកូន និងភរិយារបស់អ្នកការទូតរុស្ស៊ី បានចាកចេញពីប្រទេស អ៊ុយក្រែន កាលពីថ្ងៃទី ៥ ខែមករា។ មនុស្សចំនួន ៣០ នាក់ទៀតត្រូវបានគេអះអាងថា បានចាកចេញក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីនោះ ហើយអ្នកការទូតមកពីស្ថានកុងស៊ុលរុស្ស៊ីពីរផ្សេងទៀត (Kharkov និង Odessa) ត្រូវបានគេរាយការណ៍ថា ត្រូវបានគេប្រាប់ឱ្យរៀបចំចាកចេញពីប្រទេសអ៊ុយក្រែន ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា “ស្ថានទូតរុស្ស៊ីនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កំពុងដំណើរការជាធម្មតា” ប៉ុន្តែមិនបានបដិសេធចំពោះការបន្ថយទំហំណាមួយឡើយ។

យោងតាមកាសែត New York Times មន្ត្រីទាំងពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានបញ្ជាក់ថា អ្នកការទូតរុស្ស៊ីបានចាកចេញហើយ។

សូមជម្រាបថា របាយការណ៍នៃការជម្លៀសចេញកើតមានឡើង ខណៈដែលរដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់អំពីការកសាងកងទ័ព នៅតាមព្រំដែនជាមួយអ៊ុយក្រែន ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឈ្លានពានប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ និងខែខាងមុខនេះ។ វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតនូវផែនការវាយប្រហារណាមួយ ហើយបានស្នើថា អង្គការ NATO កំពុងហៅទិដ្ឋភាពនៃ “ការឈ្លានពានរបស់រុស្ស៊ី” ជាលេស ដើម្បីដាក់ពង្រាយឧបករណ៍យោធាបន្ថែមទៀតនៅក្នុងតំបន់៕ប្រែសម្រួលៈ ណៃ តុលា

To Top