ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្ថែមកម្លាំងទៅជិត ព្រំដែនអ៊ុយក្រែន ខណៈកំពុង រងសម្ពាធពីណាតូ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន នៅជិតព្រំដែនអ៊ុយក្រែន ដោយសារភាពតានតឹងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ (NATO) ។

លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “យើងយល់ថាវាចាំបាច់ក្នុងការរក្សាកងទ័ពទាំងនោះ ដោយសារស្ថានភាពតានតឹងខ្លាំង និងបរិយាកាសមិនរាក់ទាក់ ពីអង្គការណាតូ” ។

លោកបានលើកឡើងថា ប្រទេសរុស្ស៊ីត្រូវចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបទៅនឹងការកសាងកម្លាំងយោធារបស់ណាតូ សមយុទ្ធ និងការហោះហើរជាញឹកញាប់នៃយន្តហោះចម្បាំង និងយន្តហោះឈ្លបយកការណ៍នៅជិតព្រំដែនរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី មិនពិចារណាលើសកម្មភាពយោធានោះទេ បើទោះបីជាការចរចាជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ លើការធានាសន្តិសុខ ត្រូវបរាជ័យក៏ដោយ។

លោក​បាន​បន្ត​ថា យ៉ាង​ណា​ក៏​ដោយ រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាត់​វិធានការ​តបត​វិញ ប្រសិន​បើ​ភាគី​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​នោះ​ទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីដើមសប្តាហ៍នេះ អ្នកការទូតរុស្ស៊ីបានជួបពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ ជាមួយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុបនៅទីក្រុងវីយែន ហើយបន្ទាប់មកជាមួយអង្គការណាតូ នៅទីក្រុងប្រ៊ុចសែល ប៉ុន្ដែជំនួបទាំងអស់ បានបញ្ចប់ដោយគ្មានរបកគំហើញណាមួយឡើយ៕ដោយ ឈូក បូរ៉ា

To Top
×