ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្ហាញពីការ បន្តការសាកល្បង អាវុធនុយក្លេអ៊ែរ និងមីស៊ីល ICBM ដើម្បី ទប់ទល់ នឹង អាមេរិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានណែនាំពីការបន្តការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ដោយលើកឡើងថា ខ្លួនអាចចាប់ផ្តើមឡើងវិញនូវ “សកម្មភាព” ដែលខ្លួនបានផ្អាកជាបណ្តោះអាសន្ន ក្នុងការកសាងទំនុកចិត្ត ជាមួយអតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។

ការប្រមូលផ្តុំគណបក្សកាន់អំណាច ដ៏សំខាន់មួយដែលបានធ្វើឡើង កាល ពីថ្ងៃពុធ បានសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង គួរតែចាត់វិធានការ ជាក់ស្តែងដើម្បីបង្កើនភាពជឿជាក់ និងប្រសិទ្ធភាព បន្ថែមទៀត ដើម្បីប្រឆាំងនឹង សហរដ្ឋអាមេរិក។

យោងតាម KCNA បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានជួបពិភាក្សា ជាមួយលោក ត្រាំ ចំនួន ៣ដងបានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំដែលធ្វើឡើង ដោយការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ ដែលកំពុងកាន់អំណាច របស់ប្រទេសកូរ៉េ ។

អង្គពិធីបានសម្រេចចិត្ត “យ៉ាងសំខាន់” ដើម្បីប្រារព្ធខួបលើកទី១១០ នៃអតីតស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា និងខួបលើកទី៨០ នៃកូនប្រុសរបស់លោក ដែលជាអតីតមេដឹកនាំលោក គីម ជុងអ៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ។

ផ្ទាំងពាណិជ្ជកម្ម

អ្នកជំនាញកិច្ចការបរទេសព្រមានថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដមីស៊ីល ICBM ឬនុយក្លេអ៊ែរ ក្នុងឱកាសថ្ងៃគម្រប់ខួបអតីតស្ថាបនិកលោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល គឺជាជីតា និងឪពុករបស់មេដឹកនាំលោក គីម ជុងអ៊ុន រៀងៗខ្លួន។

នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង លើកដំបូងក្នុងខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ទីក្រុងវ៉ាស៊ីនតោន បានសន្យាថា នឹងផ្តល់ការធានាសន្តិសុខ ដល់ទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុងរបស់ប្រទេសនេះ ហើយចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានបដិសេធការ សាកល្បងនុយក្លេអ៊ែរ និង ICBM ដែរ ៕

ដោយ ឈូក បូរ៉ា

To Top
×