ព័ត៌មានអន្តរជាតិ

អាមេរិក ស្វែងរកមធ្យោបាយពន្លឿន ការបញ្ជូនយន្តហោះចម្បាំងថ្មី ទៅតៃវ៉ាន់

បរទេស៖ សហរដ្ឋអាមេរិក កំពុងតែស្វែងរកវិធីពន្លឿន ការដឹកជញ្ជូនជំនាន់ថ្មី នៃយន្តហោះចម្បាំង F-16 ថ្មីឲ្យទៅកោះតៃវ៉ាន់ ធ្វើការពង្រឹងសមត្ថភាព របស់កងកម្លាំងជើងអាកាសតៃវ៉ាន់ ក្នុងការឆ្លើយតបចំពោះអ្វីដែល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ មើលឃើញថា ជាការសម្លុតគម្រាមកើនឡើង ពីយោធារបស់ប្រទេសចិន។

ក្រុមមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ថា ពួកគេនៅមិនទាន់ រកឃើញដំណោះស្រាយ ស្តីពីវិធីពន្លឿនការដឹកជញ្ជូន យន្តហោះចម្បាំង F-16 ចំនួន៧០គ្រឿង ដែលផលិតដោយក្រុមហ៊ុន Lockheed Martin និងបំពាក់ដោយសមត្ថភាពថ្មីនោះទេ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា យន្តហោះចម្បាំង F-16 ជំនាន់ថ្មីទាំងនោះ នាពេលបច្ចុប្បន្ននេះ ត្រូវបានកំណត់បញ្ជូនមកឲ្យកោះតៃវ៉ាន់ នៅត្រឹមចុងឆ្នាំ២០២៦។

គួរបញ្ជាក់ថា រដ្ឋាភិបាលកោះតៃវ៉ាន់ ធ្លាប់បានបង្ហាញបំណងប្រាថ្នា ចង់ឲ្យធ្វើការដឹកជញ្ជូនកាន់តែលឿននោះ ដល់រដ្ឋបាលរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ស្របពេលដែលកងកម្លាំង ជើងអាកាសរបស់កោះ លទ្ធិប្រជាធិបតេយ្យនេះ តែងចេញយន្តហោះទៅស្ទាក់ ដំណើរយន្តហោះយោធាចិន ដែលមានភាពគឃ្លើនខ្លាំងឡើង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top