ព័ត៌មានអន្តរជាតិ

ប្រទេសកេនយ៉ា បដិសេធបញ្ចេញកិច្ចសន្យា ខ្ចីប្រាក់សម្រាប់សាងសង់ផ្លូវដែក ដោយប្រទេសចិន

បរទេស៖ ប្រទេសកេនយ៉ាបានបដិសេធ ក្នុងការបញ្ចេញសន្យាខ្ចីប្រាក់សម្រាប់ផ្លូវរថភ្លើងដែលសាងសង់ដោយចិនរបស់ខ្លួនជាសាធារណៈ ឆ្លើយតបទៅនឹងញត្តិដែលដាក់ទៅតុលាការដោយសកម្មជនចំនួន២នាក់ ដោយនិយាយថា ការបញ្ចេញកុងត្រាជាសាធារណៈ គឺទំនងជារំលោភលើកិច្ចព្រមព្រៀងទ្វេភាគី ធ្វើឱ្យខូចទំនាក់ទំនងរវាងកេនយ៉ា និងចិន។ នេះបង្ហាញឱ្យឃើញពីភាពសម្ងាត់ជុំវិញកិច្ចព្រមព្រៀងចិនជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលអ្នកជំនាញនិយាយថា ធ្វើឱ្យមានភាពស្មុគស្មាញដល់ការចរចាបំណុលឡើងវិញ។

យោងតាមគេហទំព័រ QUARTZ AFRICA ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មាននេះគឺយោងតាមការបញ្ជាក់របស់លេខាធិការការងារសាធារណៈលោក Solomon Kitungu ដែលបានបញ្ជាក់ផងដែរថា ការចេញផ្សាយឯកសារនេះ (កុងត្រាខ្ចីប្រាក់) នឹងធ្វើឱ្យខូចដល់សន្តិសុខជាតិរបស់ប្រទេសកេនយ៉ា “ដោយហេតុថា លក្ខខណ្ឌនៅក្នុងកិច្ចសន្យាប៉ះពាល់ដល់ព័ត៌មានរបស់រដ្ឋាភិបាលបរទេសជាមួយនឹងផលប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងបរទេស”។

ផ្ទាំងពាណិជ្ជកម្ម

ការសាងសង់ដោយចំណាយប្រាក់អស់ជាង ៤,៧ពាន់លានដុល្លារ ផ្លូវរថភ្លើងស្តង់ដារ (SGR) គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្លៃបំផុតរបស់ប្រទេសកេនយ៉ា។ ចាប់តាំងពីការបង្កើតឡើង គម្រោងនេះត្រូវបានគេចោទប្រកាន់ថាមានតម្លៃលើសកំណត់ និងធ្វើឱ្យខូចខាតបរិស្ថាន។ វាត្រូវបានគេរិះគន់ផងដែរថាមិនមានផលចំណេញច្រើន។

ផ្លូវដែកប្រវែង ៤៥៣ ម៉ាយ តភ្ជាប់រដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេស កេនយ៉ា ជាមួយនឹងទីក្រុងកំពង់ផែ Mombasa និងតំបន់ Rift Valley នៃទីក្រុង Naivasha ។ ការសាងសង់បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ដោយមានអ្នកម៉ៅការចម្បងគឺសាជីវកម្មផ្លូវ និងស្ពានចិនChina Road & Bridge Corporation (CRBC) ហើយមូលនិធិភាគច្រើនបានមកក្នុងទម្រង់ជាប្រាក់កម្ចីពីធនាគារ អាហរ័ណ-និហ័រណ នៃប្រទេសចិន៕

To Top
×