ព័ត៌មានអន្តរជាតិ

រុស្ស៊ី រិះគន់អាមេរិក មុនជំនួបរវាងរដ្ឋមន្រ្តី ការបរទេសទ្វេភាគី

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានរិះគន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះការបោះពុម្ពសន្លឹកការពិត ដែលពោរពេញទៅដោយព័ត៌មានមិនពិត អំពីគោលនយោបាយរបស់រុស្ស៊ីចំពោះអ៊ុយក្រែន ហើយក៏មុនពេលជំនួបរវាងរដ្ឋមន្រ្តីការបរទេសទ្វេភាគី។

ក្រសួង​រុស្ស៊ី​ក្នុង​ការ​អត្ថាធិប្បាយ​មួយ ​បាន​ហៅ​សន្លឹក​នេះ​ថា​ជាការ​បង្កហេតុ​ហួសហេតុ ដោយ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​បោះពុម្ព​ផ្សាយ “Fact vs. Fiction: Russian Disinformation on Ukraine” មួយ​ថ្ងៃ​មុន​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីលោក Sergei Lavrov និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ជួប​គ្នា​នៅ​ទីក្រុង​ហ្សឺណែវ។

ក្រសួងការបរទេសរុស្ស៊ី បានផ្តល់ការបដិសេធដោយអត្ថបទមួយ នៅលើសន្លឹកការពិតរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅពេលដែលទីក្រុងម៉ូស្គូ បានបញ្ជូនជាផ្លូវការនូវសេចក្តីព្រាងសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ស្តីពីការធានាសន្តិសុខដល់ទីក្រុងវ៉ាស៊ីនតោន ភាគីអាមេរិកភាគច្រើនបានព្យាយាមជាក់ស្តែង ដើម្បីអូសទាញការពិភាក្សានៅកម្រិតអ្នកជំនាញ និងក្នុងទម្រង់ផ្សេងៗ។

ផ្ទាំងពាណិជ្ជកម្ម

 ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានចាប់ផ្តើម “យុទ្ធនាការព័ត៌មាន និងឃោសនាដ៏បំពុល” ដោយពណ៌នារុស្ស៊ីថាជា “អ្នកឈ្លានពាន សត្រូវរបស់អឺរ៉ុប និងជាការគំរាមកំហែង ដល់ស្ថិរភាពអន្តរជាតិ”។

ក្រសួងក៏បានរិះគន់ដល់ “ការគំរាមកំហែងមិនចេះចប់ នៃទណ្ឌកម្មដ៏ឈឺចាប់របស់បណ្តាប្រទេសលោកខាងលិច ប្រឆាំងនឹងរុស្ស៊ី ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ីកាន់តែរីងស្ងួត”៕

ដោយ ឈូក បូរ៉ា

To Top
×