ព័ត៌មានអន្តរជាតិ

អាមេរិក អនុម័តឲ្យប្រើប្រាស់ពេញលេញ លើវ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna

វ៉ាស៊ីនតោន៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna បានទទួលការយល់ព្រមពេញលេញ ពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA)។ វ៉ាក់សាំង​នេះ​មាន​ឈ្មោះ​ថា Spikevax ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​លើ​មនុស្ស​ អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ។

 ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង Spikeax បំពេញតាមស្តង់ដារ យ៉ាងម៉ត់ចត់របស់ FDA សម្រាប់សុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពនៃការផលិត ដែលត្រូវការសម្រាប់ការអនុម័ត។

 លោកស្រី Janet Woodcock ស្នងការស្តីទីរបស់ FDA បានលើកឡើងថា “ខណៈពេលដែលមនុស្សរាប់លាននាក់ បានទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយសុវត្ថិភាពរួចហើយ យើងទទួលស្គាល់ថាសម្រាប់អ្នកខ្លះ ការយល់ព្រមពី FDA លើវ៉ាក់សាំងឥឡូវនេះអាចបង្កើនទំនុកចិត្តបន្ថែមក្នុងការទទួលថ្នាំបង្ការ” ។

លោកបានបន្ដថា “ព្រឹត្តិការណ៍សំខាន់នាពេលបច្ចុប្បន្ននេះ ធ្វើឱ្យយើងកាន់តែខិតទៅជិតមួយជំហាន ដើម្បីផ្លាស់ប្តូរដំណើរនៃជំងឺរាតត្បាតនេះនៅក្នុងសហរដ្ឋអាមេរិក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំងទី២ នៅសហរដ្ឋអាមេរិក ដែលទទួលបានការយល់ព្រមពេញលេញពី FDA ។  វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ឈ្មោះ Comirnaty ត្រូវបានអនុម័តទាំងស្រុងសម្រាប់ប្រើប្រាស់លើមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅក្នុងខែសីហា ឆ្នាំ២០២១។

 វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna មាននៅក្រោមការអនុញ្ញាតប្រើប្រាស់ ជាបន្ទាន់របស់ FDA សម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មក៕ ដោយ ឈូក បូរ៉ា

To Top