Covid-19

ចិន បិទខ្ទប់ប្រជាជន ៣,៥លាននាក់ ឱ្យនៅផ្ទះ បន្ទាប់ពីរកឃើញករណី ឆ្លងវីរុសកូវីដជិត ១០០ករណី

បរទេស៖ ទីក្រុង Baise ព្រំដែនភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យប្រជាជនប្រមាណ ៣,៥ លាននាក់ ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរ ដែលមិនសំខាន់ចាប់ពីថ្ងៃចន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ចន្លោះពី៧០ ទៅ៩៩ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល បីថ្ងៃកន្លងមកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្ទុះឡើងករណីឆ្លងវីរុសនៅទីក្រុង Baise ដែលស្ថិតនៅចម្ងាយប្រហែល 100 គីឡូម៉ែត្រ (62 ម៉ាយ) ពីព្រំដែនរបស់ប្រទេសជាមួយ ប្រទេសវៀតណាមក្នុងតំបន់ Guangxi បានកើតឡើងបន្ទាប់ពី ទីក្រុងនេះបានរកឃើញករណី ឆ្លងក្នុងស្រុកជាលើកដំបូងកាលពីថ្ងៃសុក្រ។ AFP បានរាយការណ៍ថា មន្ត្រីទីក្រុងបាននិយាយថា អ្នកធ្វើដំណើរម្នាក់ដែលបានត្រលប់ មកផ្ទះវិញពីថ្ងៃសម្រាកបុណ្យចូលឆ្នាំ បានធ្វើតេស្តវិជ្ជមាន។

ទីភ្នាក់ងារនេះបានកត់សម្គាល់ថា កាលពីថ្ងៃអាទិត្យ អភិបាលរងក្រុង Baise លោក Gu Junyan បានប្រកាស “ការគ្រប់គ្រងចរាចរណ៍ទូទាំងទីក្រុង” ជាមួយនឹង “ការគ្រប់គ្រងបុគ្គលិក ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង និងមិនមានចលនាមនុស្សមិនចាំបាច់” ។ លោកបានបន្ថែមថា យានជំនិះ និងមនុស្ស នឹងមិនត្រូវបានអនុញ្ញាតឲ្យចូល ឬចេញពីទីក្រុងជាគោលការណ៍ឡើយ។

លោក Gu បាននិយាយថា អ្នកស្រុកនៃសង្កាត់មួយចំនួននៅក្នុងទីក្រុង និងស្រុកជនបទតូចៗដែលស្ថិតនៅក្រោម យុត្តាធិការរបស់ទីក្រុង Baise ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះផងដែរ ខណៈដែលអ្នកផ្សេងទៀតមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីស្រុករបស់ពួកគេឡើយ។ អាជ្ញាធរបានប្រាប់ AFP ថាការធ្វើតេស្តលើអ្នកស្រុក ជាច្រើនកំពុងធ្វើឡើង ។

ប្រែសម្រួលៈ ណៃ តុលា

To Top