បរទេស៖ ប្រទេសរុស្ស៊ីបានសម្រេចចិត្ត ដកបុគ្គលិកការទូតរបស់ខ្លួនមួយចំនួន ចេញពីប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា ខ្លួនខ្លាចការបង្កហេតុដែលអាចកើតមាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វិធានការនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសមួយចំនួនទៀតបានចាប់ផ្តើមជម្លៀសបុគ្គលិក និងសមាជិកគ្រួសារមួយចំនួនចេញពីស្ថានទូតរបស់ពួកគេក្នុងទីក្រុងគៀវ កាលពីខែមុន ដោយទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃសៅរ៍ ដោយលើកហេតុផលថារដ្ឋលោកខាងលិច អាចមានការយល់ដឹងរឿងមួយចំនួន ហើយមិនបានចែករំលែកជាមួយប្រទេសរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងកំពុងធ្វើការសន្និដ្ឋានថា សហសេវិកអាមេរិក និងអង់គ្លេស ប្រហែលជាដឹងពីសកម្មភាព ហឹង្សាមួយចំនួនដែលបានរៀបចំនៅក្នុងប្រទេសអ៊ុយក្រែន ដែលអាចបំផ្លាញសន្តិសុខយ៉ាងធ្ងន់ធ្ងរ” ៕