ព័ត៌មានអន្តរជាតិ

អាមេរិកបណ្តោះអាសន្ន ផ្លាស់ប្តូរទូតរបស់ខ្លួន ទៅទីក្រុង Lviv នៅភាគខាងលិចអ៊ុយក្រែនវិញ

វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសថា អាមេរិកបានសម្រេចចិត្ត ក្នុងការផ្លាស់ប្តូរ ទីតាំងស្ថានទូតរបស់ខ្លួនប្រចាំ នៅប្រទេសអ៊ុយក្រែន ពីទីក្រុង Kiev ទៅកាន់ទីក្រុងភាគខាងលិច Lviv វិញ ខណៈដែលភាពតានតឹង នៅព្រំដែននៅតែបន្ត។

លោក Blinken បានថ្លែងបែបនេះថា៖ ពួកយើងកំពុងតែដំណើរការ នៃការផ្លាស់ប្តូរបណ្តោះអាសន្ន ស្ថានទូតអាមេរិក ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ុយក្រែន ពីទីក្រុង Kiev ទៅទីក្រុង Lviv វិញ ក្នុងពេលដែលភាពមិនច្បាស់លាស់ នៃការបង្កើនចំនួនទ័ព ដ៏ច្រើនពីសំណាក់ ប្រទេសរុស្សី។

ទោះបីជាយ៉ាងណាក្តីលោក Blinken បានបន្តថា៖ស្ថានទូតនឹងបន្តធ្វើការ ជាធម្មតាជាមួយនឹងរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន ហើយគ្រប់សកម្មភាព ទំនាក់ទំនងការទូតទាំងអស់ នឹងប្រព្រឹត្តទៅជាធម្មតាទាំងអស់។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍ កន្លងទៅមន្ត្រីការទូតមន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ ព្រមទាំងមេដឹកនាំ នៃប្រទេសទាំងពីរ អាមេរិកនិងរុស្សី ផងបានធ្វើការពិភាក្សាគ្នា តាមទូរស័ព្ទសាជាថ្មី ចំពោះបញ្ហាវិបត្តិ នៅអ៊ុយក្រែន
ប៉ុន្តែនៅថ្ងៃសៅរ៍ដដែលអាមេរិក ក៏បានប្រកាសបន្ថែម ដកបុគ្គលិកជាច្រើនទៀត ចេញពីអ៊ុយក្រែន ហើយនៅថ្ងៃអាទិត្យអាមេរិក បានផ្អាកការផ្តល់សេវាកម្ម ប្រឹក្សាផ្នែកធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ នៅក្នុងប្រទេសអ៊ុយក្រែន
ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top