ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃ កាលពីថ្ងៃចន្ទ ខណៈអ្នកវិនិយោគ តាមដានភាពតានតឹង ភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើងរវាង មហាអមណាចពិភពលោកទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានបន្ថែម ២,៣៦ដុល្លារអាមេរិកឬ ២,៥ភាគរយ ដើម្បីទូទាត់នៅត្រឹម ៩៥,៤៦ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយខែមេសា បានកើនឡើង ២,០៤ដុល្លារ ឬ ២,២ ភាគរយ មកបិទនៅតម្លៃ ៩៦,៤៨ដុល្លារ ក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។
លោក Carsten Fritsch អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានលើកឡើងថា ការព្រួយបារម្ភអំពីការកើនឡើង នៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងជំរុញឱ្យតម្លៃប្រេង កើនឡើងគួរឱ្យកត់សម្គាល់។
ពាណិជ្ជករក៏បានសង្ខេបរបាយការណ៍ ដែលតាមដានយ៉ាងដិតដល់ ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ផងដែរ។ នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ IEA បានកែសម្រួលការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការប្រេងពិភពលោក នៅឆ្នាំនេះកើនឡើងគួរឱ្យកត់សម្គាល់ ។
ក្រុមឃ្លាំមើលថាមពល ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ក៏បានព្រមានផងដែរថា គម្លាតរវាងទិន្នផល OPEC+ និងកម្រិតគោលដៅរបស់ក្រុមនេះ បានកើនឡើងនៅក្នុងខែមករា ។
IEA បានឲ្យដឹងថា “កង្វះខាតនោះត្រូវបានគេរំពឹងថា នឹងកាន់តែស៊ីជម្រៅ នៅពេលដែលសមាជិក OPEC+ មួយចំនួនតស៊ូជាមួយ នឹងឧបសគ្គផលិតកម្ម ដែលធ្វើឲ្យទីផ្សារកាន់តែតឹងតែង” ។
សម្រាប់សប្តាហ៍ដែល បញ្ចប់នឡថ្ងៃសុក្រ សន្ទស្សន៍តម្លៃប្រេងឆៅ របស់សហរដ្ឋអាមេរិក បានកើនឡើង ០,៩ភាគរយ ខណៈដែលប្រេងប្រភេទ Brent បានកើនឡើង ១,៣ភាគរយ ដោយផ្អែកលើកិច្ចសន្យាមុនខែកំណត់ ៕
ដោយ ឈូក បូរ៉ា