ព័ត៌មានអន្តរជាតិ

ជប៉ុន គាំទ្រ ឱ្យមានសមយុទ្ធរួមគ្នា ក្នុងកម្រិតណាមួយ ជាមួយកម្ពុជា នៅពេលអនាគត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានធ្វើការគាំទ្រឱ្យមាន សមយុទ្ធរួមគ្នា ក្នុងកម្រិតណាមួយជាមួយកម្ពុជា នៅពេលអនាគត។

ការប្រកាសគាំទ្របែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានសម្តែងការស្វាគមន៍ ចំពោះការអញ្ជើញមកដល់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈ នៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេស សម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

ក្នុងនោះ នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់អំពីការបន្តជួយ ដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាព តាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹង ស្ថានការណ៍សន្តិសុខសង្គ្រាម មិនមែនប្រពៃណី ដូចជាការវាយប្រហារ ដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រ ឱ្យមានការរៀបចំលំហាត់រួម ក្នុងកម្រិតណាមួយ នៅពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជា ក្នុងនាមជាប្រទេសទី១ នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏ល្អ រវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងបានជួយគាំទ្រកម្ពុជា នៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាង ប្រទេសក្រោយសង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្ន ដែលជាដំណាក់កាលអភិវឌ្ឍប្រទេសឱ្យរុងរឿង។ ជាពិសេស

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការរីកចម្រើន គួរឱ្យកត់សម្គាល់ នៃលទ្ធផលកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រួមទាំងវិស័យយោធា ចាប់តាំងពីឆ្នាំ២០១៣មក ដែលជាឆ្នាំនៃការចាប់ផ្តើម ភាពជាដៃគូយុទ្ធសាស្ត្រ រវាងរាជរដ្ឋាភិបាលទាំងពីរ ក៏ដូចជាជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកយោធា រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះភាគីមិត្តជប៉ុន ដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជា លើការងារបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ រយៈពេលវែងសម្រាប់ វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការ ជាដើម។

ជារួម ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការ ក្រៅប្រទេសលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនង ជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀត រវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការ របស់នាយឧត្តមសេនីយ៍ YUASA Goro [អតីត] មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅ៕

To Top