ព័ត៌មានអន្តរជាតិ

អង់គ្លេសថា ប្រធានាធិបតីពូទីន អាចនឹងបញ្ជាឱ្យទម្លាក់គ្រាប់បែក ឬ បាញ់មីស៊ីល មកលើអ៊ុយក្រែន តែត្រឹមពេលប៉ុន្មាននាទីប៉ុណ្ណោះ

បរទេស៖ មន្រ្តីជាន់ខ្ពស់ចក្រភពអង់គ្លេសបានព្រមានចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសនៅអឺរ៉ុបខាងកើតទាំងពីរថា រុស្ស៊ី អាចវាយប្រហារដោយទម្លាក់គ្រាប់បែក និងមីស៊ីល លើគោលដៅសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន ដោយស្ទើរតែគ្មានការជូនដំណឹង ប្រសិនបើក្រុងម៉ូស្គូបញ្ជាឱ្យចាប់ផ្តើមការវាយលុកនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Sky News កាលពីថ្ងៃសុក្រ អនុរដ្ឋមន្រ្តីកងកម្លាំងប្រដាប់អាវុធអង់គ្លេស លោក James Heappey បានប្រាប់ជនជាតិអង់គ្លេសក្នុងប្រទេសអ៊ុយក្រែនថា ពួកគេមានហានិភ័យខ្ពស់ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រេចចិត្តឈ្លានពាន។

លោក Heappey បាននិយាយថា “ខ្ញុំនិយាយយ៉ាងច្បាស់ចំពោះប្រជាជនថា ពួកគេគួរតែចាកចេញពីអ៊ុយក្រែនឥឡូវនេះ ខណៈពេលដែលមានមធ្យោបាយពាណិជ្ជកម្មដើម្បីធ្វើដូច្នេះ ហើយខណៈពេលដែលផ្លូវហាយវេ នៅបើកនៅឡើយសម្រាប់ពួកគេដើម្បីបើកឡានចេញទៅក្រៅព្រំដែន” ។

លោករដ្ឋមន្រ្តីបន្តថា នេះមិនមែនជាការព្រមានអំពីអ្វីដែលអាចកើតឡើងក្នុងរយៈពេលបីខែនោះទេ» ហើយនេះមិនមែនជាការព្រមានដែលនឹងត្រូវអនុវត្តតាមការព្រមានបន្ថែមទៀតនោះដែរ ពីព្រោះការខិតជិតកាន់តែជិតមកដល់ហើយ។ នេះជាការព្រមានមួយព្រោះប៉ុន្មាននាទីបន្ទាប់ពីលោកពូទីនចេញបញ្ជា គឺមីស៊ីល និងគ្រាប់បែក អាចនឹងធ្លាក់មកលើទីក្រុងអ៊ុយក្រែន ហើយនោះមានន័យថា ពលរដ្ឋអង់គ្លេសគួរចាកចេញឥឡូវនេះ ខណៈពួកគេមានឱកាសធ្វើដូច្នេះ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top