ព័ត៌មានអន្តរជាតិ

G20 ប្ដេជ្ញាគាំទ្រសេដ្ឋកិច្ចប្រទេសក្រីក្រ ឲ្យងើបឡើងវិញពីជំងឺរាតត្បាត

ហ្សកាតា៖ សមាជិកក្រុមប្រទេសសេដ្ឋកិច្ចទាំង២០ ហៅកាត់ថា (G20) បានចេញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានាបាននូវជំនួយ និងការគាំទ្រសម្រាប់សេដ្ឋកិច្ចក្រីក្រ និងកំពុងអភិវឌ្ឍន៍ ដើម្បីជួយដល់ការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅយប់ថ្ងៃសុក្រពីកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងអភិបាលធនាគារកណ្តាលរយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅទីក្រុងហ្សាកាតា ដោយប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រទេសម្ចាស់ផ្ទះ។

សមាជិក G20 ប្តេជ្ញាធានា “ការទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា សមធម៌ និងតម្លៃសមរម្យ ជាពិសេសសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម” ទេសាភិបាលធនាគារឥណ្ឌូនេស៊ីលោក Perry Warjiyo បានអានសេចក្តីថ្លែងការណ៍រួមជាលាយលក្ខណ៍អក្សរនៅក្នុងសន្និសីទសារព័ត៌មានមួយ។

សេចក្តីថ្លែងការណ៍ ក៏បានអំពាវនាវឱ្យសមាជិកចូលរួមក្នុង “ការពង្រឹងស្ថាបត្យកម្មសុខភាពពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សមាជិក G20 បានទទួលស្គាល់ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកកំពុងដំណើរការ ប៉ុន្តែក្នុងល្បឿនខុសគ្នាក្នុងចំណោមប្រទេសនានា។

ការកើនឡើងតម្លៃអាហារ និងថាមពល ការដំឡើងអត្រាការប្រាក់ដ៏មានសក្តានុពល ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ គ្រោះមហន្តរាយការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ គឺជាកត្តាដែលរួមចំណែកដល់ការងើបឡើងវិញមិនស្មើគ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម៕ ដោយ ឈូក បូរ៉ា

To Top