ព័ត៌មានអន្តរជាតិ

Update៖ ចិន អំពាវនាវឲ្យមានកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីធានាសុវត្ថិភាព ទីតាំងនុយក្លេអ៊ែរ នៅអ៊ុយក្រែន

ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យភាគី ជម្លោះអ៊ុយក្រែន ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងធ្វើការរួមគ្នា ដោយមានជំនួយពីទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) ដើម្បីធានាសុវត្ថិភាព នៃកន្លែងនុយក្លេអ៊ែរ ដែលពាក់ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍ចុងក្រោយបង្អស់ ក្នុងប្រទេសអ៊ុយក្រែន និងបង្ហាញការព្រួយបារម្ភ របស់ខ្លួន ចំពោះរបាយការណ៍ ពាក់ព័ន្ធអំពីរោងចក្រថាមពល នុយក្លេអ៊ែរ Zaporizhzhia ។

យោងតាមព័ត៌មានដែល IAEA ទទួលបានពីអាជ្ញាធរ នុយក្លេអ៊ែរ អ៊ុយក្រែន ឧបករណ៍សំខាន់ របស់រោងចក្រថាមពលនុយក្លេអ៊ែរ នៅតែរក្សាដដែល ហើយកម្រិតនៃវិទ្យុសកម្មមិនផ្លាស់ប្តូរ។ លោក Zhang បានប្រាប់កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខថា ប្រទេសចិន ក៏កត់សម្គាល់ផងដែរនូវព័ត៌មាន និងការបំភ្លឺដែលផ្តល់ ដោយរុស្ស៊ីលើបញ្ហាពាក់ព័ន្ធ។

ដោយកត់សម្គាល់ថា វិបត្តិអ៊ុយក្រែន នៅតែស្ថិតក្នុងការផ្លាស់ប្តូរ ដ៏ស្មុគស្មាញ លោកបានលើកឡើង ថារឿងសំខាន់បំផុតនៅពេលនេះ គឺការបន្ធូរបន្ថយភាពតានតឹង ជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល កាន់តែច្រើន បង្កើនកិច្ចខិតខំប្រឹងប្រែងការទូត និងត្រលប់មកវិញឱ្យបានឆាប់តាម ដែលអាចធ្វើបានចំពោះ ផ្លូវនៃដំណោះស្រាយនយោបាយ។

រុស្ស៊ី និងអ៊ុយក្រែន បានបើកកិច្ចសន្ទនា និងចរចាដោយផ្ទាល់ចំនួនពីរជុំ ហើយបានឈានដល់ កិច្ចព្រមព្រៀងបឋម ស្តីពីការបង្កើតច្រករបៀងមនុស្សធម៌។ លោក Zhang បានលើកឡើងថា ប្រទេសចិន ស្វាគមន៍ចំពោះរឿងនេះ ហើយសង្ឃឹមថា ខ្លួនអាចជួយសម្រួលដល់ ការការពារជនស៊ីវិល បានប្រសើរជាងមុន និងជួយដល់ការជម្លៀស ដោយសុវត្ថិភាព នៃជនបរទេសទាំងអស់ រួមទាំងជនជាតិចិនផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top