ថ្ងៃទី ១៤ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យ នៃគណៈកម្មាធិការកិច្ចការបរទេស នៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបពិភាក្សាការងារ ជាមួយលោក Sullivan ឧបការីប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ភាគីទាំងពីរបានធ្វើការ ផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងប្រកបដោយលក្ខណៈស្ថាបនា ចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក និងបញ្ហាអន្តរជាតិ និងក្នុងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ព្រមនិងឯកភាពគ្នា ចំពោះការរួមគ្នាអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនការយល់ដឹងពីគ្នា គ្រប់គ្រងការខ្វែងគំនិត ពង្រីកគំនិតឯកភាពរួម និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កលក្ខខណ្ឌល្អប្រសើរ សម្រាប់ជំរុញទំនាក់ទំនងរវាងចិន និងអាមេរិក ឱ្យត្រឡប់ទៅរកផ្លូវត្រឹមត្រូវ នៃការអភិវឌ្ឍប្រកបដោយភាពរឹងមាំ និងស្ថិរភាព។
ថ្លែងក្នុងកិច្ចជំនួប លោក Yang Jiechiបានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជារឿង ដែលពាក់ព័ន្ធអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសចិន។ ភាគីចិនទាមទារឱ្យភាគីអាមេរិក មើលឱ្យបានយ៉ាងច្បាស់ ពីភាពរសើបខ្ពស់នៃបញ្ហាតៃវ៉ាន់ គោរពតាមគោលការណ៍ចិនតែមួយ បទប្បញ្ញត្តិ នៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ចំនួនបី និងពាក្យសន្យាដែលធ្វើឡើង ដោយភាគីអាមេរិក មិនត្រូវបន្តដើរលើផ្លូវគ្រោះថ្នាក់ ខ្លាំងទៀតឡើយ៕