ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលដំណោះស្រាយ ដោយក្រុមប្រឹក្សាសន្ដិសុខ ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួន

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលដំណោះស្រាយ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃសុក្រ ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួន ។

យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា ដំណោះស្រាយនេះ ត្រូវបានអនុម័តដោយមានសម្លេងគាំទ្រ ១៩ សំឡេង ១២ប្រឆាំង និង ១៦អនុប្បវាទនៅក្នុងសម័យប្រជុំ ធម្មតាលើកទី៤៩ របស់ UNHRC ។

លោក Saeed Khatibzadeh អ្នកនាំពាក្យរបស់ក្រសួង បានឲ្យដឹងថា ការដាក់ស្នើដំណោះស្រាយ ដោយចក្រភពអង់គ្លេស និងរដ្ឋលោកខាងលិច ផ្សេងទៀត គឺផ្អែកលើ “ព័ត៌មានមិនត្រឹមត្រូវ និងលម្អៀង” ដោយបន្ថែមថាប្រទេសទាំងនេះខ្លួនឯង “មានប្រវត្តិរំលោភសិទ្ធិមនុស្ស ជាយូរមកហើយ” ។

លោកបានលើកឡើងថា “ចំណាត់ការនេះគឺជាឧទាហរណ៍ជាក់ស្តែង នៃការប្រើប្រាស់តម្លៃសិទ្ធិមនុស្ស និងគំនិតខុសឆ្គង ដើម្បីសម្រេចបាននូវគោលដៅនយោបាយ ដែលគិតខ្លី ។

លោក Khatibzadeh បានសង្កត់ធ្ងន់ថា អ្នកគាំទ្រដំណោះស្រាយត្រូវតែថ្កោលទោស អាមេរិកជាមុនសិន ។ ការដាក់ទណ្ឌកម្មឯកតោភាគី និងឃោរឃៅប្រឆាំងនឹង សាធារណរដ្ឋឥស្លាម ក៏ដូចជាផលប៉ះពាល់បំផ្លិចបំផ្លាញ របស់ពួកគេទៅលើការចូលប្រើប្រាស់ ទំនិញសំខាន់ៗរបស់ជនជាតិអ៊ីរ៉ង់ ដូចជាសម្ភារៈពេទ្យ ចំពេលប្រទេសនេះមានការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ៕ប្រែសម្រួល ឈូក បូរ៉ា

To Top